មានកំណត់ត្រាពិសេសមួយក្រោយ Man UTD វាយបកឈ្នះ Fulham
ការទាត់ពីចម្ងាយរបស់ Paul Pogba មិនត្រឹមតែរួមចំណែកដល់ Manchester United ឈ្នះ Fulham ប៉ុណ្ណោះទេ តែក៏បានបង្កើតកំណត់ត្រាពិសេសមួយដែរ។
យោងតាមស្ថិតិពីស្ថាប័ន Opta ក្រុមបិសាចក្រហមឈ្នះ៩៤ដងហើយនៅ Premier League តាមរយៈការវាយបកពេលគូប្រកួតនាំមុខមុន។ នេះជាកំណត់ត្រាដែលពុំទាន់មានក្លិបណាធ្វើបាននៅឡើយទេ។
តាំងពីបើករដូវកាលថ្មី២០២០/២០២១ Man UTD ឈ្នះ១២ប្រកួតហើយ និងភាគច្រើនជាការឈ្នះជាប់ៗគ្នា។ មុន Fulham បិសាចក្រហមបានស៊ី Newcastle, Brigthon, Everton Southampton, West Ham និង Sheffield United។
យ៉ាងណា លទ្ធផលល្អមិនមែនជាអ្វីដែល Man UTD ត្រូវមានមោទកភាពជ្រុលពេកទេ។ តំបន់ការពាររបស់ក្រុមលោក Ole Gunnar Solskjaer នៅតែត្រូវបានចោទជាបញ្ហា។ Harry Maguire បានចាប់ off-side ខុស ធ្វើឲ្យ Adam Lookman មានឱកាសបើកឆាកនាំមុខមុន។ ជាសំណាងល្អ Edison Cavani និង Paul Pogba វាយបកបានម្នាក់មួយគ្រាប់វិញ។
ដូច្នេះ Man UTD វិលទៅកាន់កំពូលតារាងវិញ មាន៤០ពិន្ទុ លើសក្រុមលេខ២ Manchester City ២ពិន្ទុ តែក៏លើសមួយប្រកួតដែរ៕