គ្រាប់ទី៧៦០របស់ CR7 រួមចំណែកជួយ Juventus លើកពានមួយទៀតនៅអ៊ីតាលី
Cristiano Ronaldo រកបានគ្រាប់បាល់ទី៧៦០គ្រាប់ហើយក្នុងការប្រកួតផ្លូវការនៃអាជីពរបស់ខ្លួន និងជាគ្រាប់រួមចំណែកជួយ Juventus លើកពាន Italian Super Cup តាមរយៈជ័យជម្នះ ២ទល់នឹង០លើ Napoli នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
CR7 បានទាត់ volley កៀកទីក្នុងនាទី៦៤ មុន Alvaro Morata បន្ថែមគ្រាប់ទី២យ៉ាងល្អ នៅនាទី៩០+៥។
បើតាម BBC គ្រាប់ទី៧៦០នេះធ្វើឲ្យ Cristiano Ronaldo ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេលើលោក ដោយវ៉ាដាច់អតីតកីឡាករ Josef Bican ដែលធ្វើបាន៧៥៩គ្រាប់។
ក្នុងការប្រកួតយប់មិញ Lorenzo Insigne របស់ Napoli បានទាត់ប៉េណាល់ទីមិនចូលនៅ១០នាទីចុងក្រោយ។ Juventus ដែលរអិលទៅលេខ៥ Serie A ក្រោយចាញ់ Inter Milan បានលើកពាន Super Cup ជាលើកទី៩។ នេះក៏ជាពានផ្លូវការក្នុងនាមគ្រូបង្វឹកលើកដំបូងសម្រាប់លោក Andrea Pirlo៕