Real Madrid ចាញ់ក្រុមលីគទី៣ ធ្លាក់វគ្គ៣២ក្រុម Copa del Rey
Real Madrid បានជ្រុះចេញពីពានរង្វាន់ Copa del Rey វគ្គ៣២ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Alcoyano មកពីលីគទី៣អេស្ប៉ាញ ដោយលទ្ធផល២ទល់នឹង១។
ក្រុមលោក Zidane បាននាំមុខមុនក្នុងនាទី៤៥ដោយខ្សែការពារ Eder Militao ប៉ុន្តែ Jose Solbes តាមស្មើនៅនាទី៨០ធ្វើឲ្យការប្រកួតឈានដល់ម៉ោងថែម១៥នាទី២ដង។
Alcoyano ដែលលេងនៅ Segunda Division B នៅសល់ត្រឹមគ្នា១០នាក់ ក្រោយ Ramon Lopez បានកាតលឿងទី២ នាទី១១០ មុន Casanova រកបានគ្រាប់ជ័យជម្នះនាទី១១៥។
លោក Zinedine Zidane អ្នកចាត់ការ Real Madrid អះអាងទទួលខុសត្រូវចំពោះលទ្ធផល ហើយថា អ្វីៗក៏អាចកើតឡើងបានដែរ។
Real Madrid ជាម្ចាស់ជើងឯក Copa del Rey ១៩ដង តែខានលើកពាន៧ឆ្នាំមកហើយ។ តាំងពីឆ្នាំ១៩៩៣មក ពួកគេឈ្នះបានតែ២លើកប៉ុណ្ណោះ។
ស្ទើរតែមិនគួរជឿដែរ នេះជាលើកទី៥ហើយតាំងពីឆ្នាំ២០០១មកដែលក្រុមអធិរាជសចាញ់ក្លិបមកពីក្របខណ្ឌទី៣។
ក្នុងការប្រកួតថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ Real Madrid មិនមានប្រធានក្រុម Sergio Ramos ទេ និងបានផ្លាស់ប្ដូរសមាសភាព៩នាក់ខុសពីការប្រកួតដែលចាញ់ Athletic Bilbao នៅ Super Cup។ យ៉ាងណា នៅមាន Karim Benzema, Eden Hazard, Marcelo, Casemiro និង Toni Kroos៕