អតីតកីឡាកររបស់ Man Utd ម្នាក់បាននិយាយថាស្ថានភាពរបស់ក្រុមមួយនេះកំពុងឆ្ពោះទៅកាន់ភាពអាក្រក់
(BC-99)
អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងតែលេងអោយក្លិប Ajax Amsterdam បានធ្វើការកោតសរសើរដល់លោក Frank Lampard ដែលដឹកនាំក្រុមតោខៀវ Chelsea បានយ៉ាងល្អហើយក៏បានឆ្លៀតនិយាយពីអតីតក្រុមចាស់របស់ខ្លួនថាកំពុងតែមានសភាពរិតតែយ៉ាប់យ៉ឺនក្រោមការដឹកនាំដោយលោក Ole Gunnar Solskjaer។
មុនការប្រកួតបាល់ទាត់ UEFA Champions League វគ្គចម្រុះពូល H ដែលជាការប៉ះគ្នារវាង Ajax-Chelsea ចូលមកដល់ខ្សែការពារសញ្ជាតិហុល្លង់ Daley Blind ត្រូវបានចាត់ជាតំណាងក្រុម Ajax ដើម្បីធ្វើការឆ្លើយតបនៅក្នុងអង្គសន្នីសិទសារព័ត៌មាន។ Blind ត្រូវបានចោទជាសំនួរផ្សេងដែលទាក់ទងទៅការប្រកួតមួយនេះ ដោយក្នុងនោះគេបាននិយាយថា Chelsea គឺជាក្រុមដ៏គួរអោយភ័យព្រួយមួយព្រោះឋិតក្រោមការគ្រប់គ្រងរបស់លោក Frank Lampard គេបានសង្កេតឃើញថាតោខៀវមានភាពរឹងមាំនិងមោះមុតនៅក្នុងការប្រកួត។
ក្រៅពីសំនួរទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរក៏មានអ្នកលើកជាសំនួរដែលទាក់ទងទៅនឹងបច្ចុប្បន្នភាពរបស់អតីតក្រុមខ្លួនផងដែរគឺបិសាចក្រហម Manchester United។ តបទៅម្ចាស់សំនួរកីឡាករវ័យ២៩ឆ្នាំរូបនេះបានធ្វើការបរិយាយថា ជាការពិតណាស់ខ្លួនគេពិតជាមិនចង់ឃើញស្ថានភាពដ៏យ៉ាប់យឺនរបស់ United ដូចពេលបច្ចុប្បន្ននេះទេ។ ពួកគេគួរតែប្រឹងប្រែងនឹងធ្វើអោយមានការផ្លាស់ប្តូរថែមទៀតដើម្បីកុំអោយក្រុមកាន់តែធ្លាក់ក្នុងសភាពដ៏អាក្រក់បែបនេះ។ ជាចុងក្រោយ Blind បាននិយាយបន្ថែមថាគេមិនសប្បាយចិត្តនៅពេលដែលឃើញ Man Utd ធ្លាក់ក្នុងសភាពបែបនេះទេ តែសម្រាប់រូបគេនៅតែជាប្រិយ៍មិត្តមួយរូបដែលគាំទ្រក្រុម បិសាចក្រហម នេះរហូត។