ទីម័រខាងកើតបានលេខ៣ AFF U23 ដោយមិនបាច់ប្រកួតជាមួយឡាវ
ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខ៣ដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ក្រោយឡាវ មិនមានកីឡាករគ្រប់គ្រាន់ ដោយសារការតេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតេស្ដឃើញនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ នេះដែលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រតែម្ដង។ ដូច្នេះឡាវអត់មានកីឡាករគ្រប់គ្រាន់ ដែលត្រូវផ្ដល់ជ័យជម្នះស្វ័យប្រវត្តិដល់ទីម័រខាងកើត ទៅតាមច្បាប់ដែលបានកំណត់។
នៅព្រឹកថ្ងៃដដែលនេះ គណៈកម្មការសុខាភិបាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានត្រួតពិនិត្យយ៉ាងល្អិតល្អន់លើសុខភាពក្រុមទាំង៤ដែលត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់។
ចំណែកថៃវិញក៏មានកីឡាករ និងក្រុមការងារគ្រូបង្វឹកមួយចំនួនតេស្ដវិជ្ជមានដែរ វៀតណាមមានកីឡាករ១៧នាក់សម្រាប់ប្រកួតផ្ដាច់ព្រ័ត្រយកជើងឯក៕