Thiago Motta ត្រៀមបញ្ចេញប្រសិទ្ធភាពប្រព័ន្ធលេង 2-7-2 ក្រោយតែងតាំងជាគ្រូបង្វឹកថ្មី Genoa
អតីតខ្សែបម្រើ Thiago Motta ត្រូវបានក្លឹប Genoa តែងតាំងជាគ្រូបង្វឹកថ្មីជំនួសលោក Aurelio Andreazzoli ដែលត្រូវបណ្តេញចេញពីតំណែង ក្រោយពីដឹកនាំក្រុមមិនសូវបានល្អនៅដើមរដូវកាលនេះដោយឋិតនៅតំបន់កាត់ចោលនៃក្របខ័ណ្ឌ Serie A។
ខ្សែបម្រើអ៊ីតាលីសញ្ជាតិដើមប្រេស៊ីល ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៨ ទើបតែផ្ដើមការងារដឹកនាំក្នុងរដូវកាល២០១៨-១៩ ដោយកាន់តំណែងជាអ្នកចាត់ការ U19 PSG។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អតីតសមាជិក Barcelona, Atletico Madrid, Inter Milan និង Paris St Germain ត្រូវបានមជ្ឈដ្ឋាននានាកំពុងរងចាំមើលថា គ្រូបង្វឹកខាងលើរូបនេះនឹងប្រើប្រាស់ប្រព័ន្ធលេង 2-7-2 ដែលខ្លួនធ្លាប់បានប្រើប្រាស់កាលពីអំឡុងនៅដឹកនាំ PSG U19 ក្នុងការដឹកនាំក្រុមថ្មីឬយ៉ាងណា។ គួរបញ្ជាក់ថា 2-7-2 គឺជាក្បួនបាល់ទាត់ថ្មីដែល Motta បានបង្កើតដោយលេងមានខ្សែការពារ២រូបនៅខាងក្រោម ខណៈអ្នកចាំទីឡើងទៅលេងនៅតំបន់បម្រើដើម្បីជួយគាំទ្រដល់ខ្សែប្រយុទ្ធ។
យ៉ាងណាក្តី សម្រាប់ប្រកួតលើកដំបូងរបស់ខ្លួន គ្រូបង្វឹក Thiago Motta នឹងត្រូវដឹកនាំ Genoa នៅថ្ងៃអាទិត្យនេះ ទល់នឹង Brescia។