ក្រោយចាញ់ Brentford អ្នកគាំទ្រ Arsenal មួយចំនួនខឹងខ្លាំង និងថា ក្រុមគ្មានបាន Top 4 អីទេ
អ្នកគាំទ្រមួយចំនួនរបស់ Arsenal បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការលេងពីសំណាក់ក្រុមខ្លួនដែលបានចាញ់ក្រុមឡើងថ្មី Brentford ២ទល់នឹង០ ថ្ងៃបើកឆាក Premier League នៅថ្ងៃសុក្រ ទី១៣ ខែសីហា។
ក្រុមលោក Thomas Frank ដែលឡើងទៅកាន់ក្របខណ្ឌកំពូលអង់គ្លេសសាជាថ្មីក្នុងរយៈពេល៧៤ឆ្នាំរកបានគ្រាប់បាល់ដោយ Sergi Canos និង Christian Norgaard។
ក្រុមរហស្សនាមកាំភ្លើងគ្រប់គ្រងបាល់បានច្រើន ហើយទោះមានខ្សែការពារតម្លៃខ្លួន៥០លានផោន Ben White នៅតែមានបញ្ហាការពារធ្វើឲ្យក្រុមរបូតគ្រាប់បាល់ទាំងវគ្គទី១ និងវគ្គទី២។
អ្នកគាំទ្រ Arsenal ម្នាក់បានសរសេរលើបណ្ដាញសង្គមថា “នេះឬជាអ្វីដែល Arsenal តបស្នងចំពោះការទិញសំបុត្រពេញមួយរដូវកាល?”
អ្នកគាំទ្រម្នាក់ទៀតថា Arsenal អស់ឱកាសប្រជែង Top 4 ហើយ។
ចំណែកអ្នកគាំទ្រ Chelsea ម្នាក់ក៏បានចូលមកនិយាយដែរថា បើគេជា fan Arsenal វិញ គេប្រាកដជាគប់សំបុត្រចោលហើយ។
អ្នកគាំទ្រម្នាក់ទទូចឲ្យឈប់ទៅមើលការប្រកួតរបស់ Arsenal ហើយចោលសំបុត្រពេញមួយរដូវកាល និងឈប់ទិញរបស់របរក្រុមនេះទៀត ទាល់តែ Arteta និងម្ចាស់ក្លិប លោក Kroenke ចាកចេញ។
ក្រោយចប់ការប្រកួតយប់មិញ MSR ក៏រកឃើញ៣ចំណុចគួរដឹងដែរ។
១. ចាញ់ក្រុមទើបឡើងថ្មីថ្ងៃបើកឆាកលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំ។ រដូវកាល១៩៧៦/១៩៧៧ ពួកគេចាញ់ Bristol City លើដីខ្លួនឯង។
២. មានឱកាសស៊ុត២២លើក តែមិនចូលសោះ។
៣. ចាញ់ក្រុមមិនមែន Big Six នៅថ្ងៃបើកឆាកលើកដំបូងរយៈពេល៧ឆ្នាំ។ កាលពីរដូវកាល២០១៤/២០១៥ ពួកគេចាញ់ West Ham ២ទល់នឹង០ដូចគ្នា៕