Pep Guardiola៖ និយាយតាមត្រង់ខ្ញុំពិតជាមិនដឹងពីវិធីបិទ Messi, Neymar និង Mbappe ឡើយ
ក្រុមមេឃខៀវ Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីបារាំងដើម្បីធ្វើការប្រកួតជាមួយ Paris Saint Germain នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជុំទី២នៅរាត្រីនេះនាវេលាម៉ោង២ទៀបភ្លឺ។
មុននឹងការប្រកួតចូលមកដល់គ្រូបង្វឹក Pep Guardiola ត្រូវបានអ្នកសារព័ត៌មានជាច្រើនសួរអំពីយុទ្ធសាស្រ្តរួមជាមួយនឹងការត្រៀមខ្លួនប៉ះជាមួយក្រុមម្ចាស់ផ្ទះផងដែរ ដោយជំនួបនេះត្រូវបានគេហៅថាក្រុមដ៏មានតម្លៃថ្លៃបំផុតនៅលើលោកជួបគ្នា។
ទាក់ទិននឹងសំនួរអំពីការបិទ Lionel Messi, Neymar និង Kylian Mbappe បុរសជនជាតិអេស្ប៉ាញបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំពិតជាមិនដឹងពីវិធីដើម្បីបិទកីឡាករ៣ទាំងរូបហ្នឹងទេ។ គិតអំពី Neymar និង Mbappe ខ្ញុំមិនមានវិធីទៅហើយ ឥឡូវនេះបន្ថែម Messi មួយទៀតគឺខ្ញុំមិនគិតតែម្តង។”
សម្រាប់តារាងចំណាត់ថ្នាក់នៅក្នុងពូល A វិញ Man City ឈរនៅកំពូលតារាងដោយមាន៣ពិន្ទុនៅក្នុងដៃក្រោយឈ្នះ RB Leipzig ខណៈ PSG មាន១ពិន្ទុបន្ទាប់ពីស្មើ Club Brugge ក្នុងការប្រកួតបើកឆាក។