Man UTD ចាញ់ West Ham ខណៈ Arsenal, Brighton, Chelsea និង Spurs ឈ្នះ
West Ham United សងសឹក Manchester United បានសម្រេចតាមរយៈជ័យជម្នះ០ទល់នឹង១ក្នុងជុំទី៣ពានរង្វាន់ Carabao Cup នាកីឡដ្ឋាន Old Trafford។
គ្រាប់បាល់ពី Manuel Lanzini ក្នុងនាទីទី៩គ្រប់គ្រាន់ក្នុងការបញ្ជូនក្រុមញញួរធំឡើងទៅជុំទី៤ ជួប Manchester City។ នេះជាគ្រាប់បាល់ទី១របស់គេក្នុងរយៈពេលជិត១២ខែ។
នេះក៏ជាជ័យជម្នះសាជាថ្មីរបស់ West Ham លើទឹកដី Old Trafford ចាប់តាំងពីឆ្នាំ២០០៧ដែលកាលណោះ Carlos Tevez ស៊ុតឲ្យញញួរធំឈ្នះបិសាចក្រហម០ទល់នឹង១ ដើម្បីធានាកៅអី Premier League ជាបន្ត។
គួរដឹងដែរថា កាលថ្ងៃអាទិត្យកន្លងទៅ Man UTD ឈ្នះ West Ham នៅ Premier League ២ទល់នឹង១ ចុងម៉ោងដែល Jesse Lingard ទាត់ចូលគ្រាប់ជ័យជម្នះ។
ដោយឡែក Chelsea បានទម្លាក់ Aston Villa ដោយបាល់កាត់សេចក្ដី១១នាក់ ក្រោយស្មើគ្នា១ទល់នឹង១ ហើយលទ្ធផលប៉េណាល់ទី គឺ៤ទល់នឹង៣។
ពេលលទ្ធផលស្មើគ្នា១ទល់នឹង១នោះ Timo Werner បានតែតបញ្ចូលទីក្នុងនាទី៥៤ ឲ្យ Chelsea នាំមុខ មុន Aston Villa តាមវិញក្នុងនាទី៦៤ ដោយការតែតពី Cameron Archer។ ចំណែកការទាត់១១ម៉ែត្រ Reece James ជាអ្នកស៊ុតបាល់ចុងក្រោយឲ្យតោខៀវឈ្នះ។
Tottenham Hotspur ឯណោះវិញបានទម្លាក់ Wolverhampton ដោយបាល់១១ម៉ែត្រដូចគ្នា លទ្ធផល គឺ៣ទល់នឹង២។ សម្រាប់ម៉ោងធម្មតា Spurs បាននាំមុខ២គ្រាប់មុនដោយ Tanguy Ndombele នាទី១៤ និង Harry Kane នាទី២៣។ Wolves បានតាមស្មើវិញដោយ Leander Dendoncker នាទី៣៨ និង Daniel Podence នាទី៥៨។
Brighton & Hove Albion បានយកឈ្នះ Swansea City ២ទល់នឹង០ រកគ្រាប់បាល់ដោយ Aaron Connolly ២គ្រាប់ម្នាក់ឯង។
Arsenal ក៏បានឡើងទៅកាន់ជុំទី៤ ដោយឈ្នះ AFC Wimbledon មកពី League One ៣ទល់នឹង០ ដែលរកគ្រាប់បាល់ដោយ Alexandre Lacazette, Emile Smith Rowe និង Eddie Nketiah៕