AC Milan ផ្ទេរកីឡាករម្នាក់ធ្លាប់ធ្វើការផ្នែក Shipper និងធ្លាប់ញៀនស្រា
Walter Messias ជាកីឡាករថ្មីម្នាក់របស់ AC Milan ហើយគេត្រូវបានខ្ចីពី Crotone លើកិច្ចសន្យាមួយរដូវកាលក្នុងតម្លៃ២លាន៦សែនអឺរ៉ូ។ ប្រភពមួយចំនួនជឿជាក់ថា ប្រសិនបើ AC Milan ទិញផ្ដាច់តែម្ដង អាចដល់ខ្ទង់១០លានអឺរ៉ូ។
Messias Junior នឹងពាក់អាវលេខ៣០។ គេត្រូវបានជ្រើសរើសសម្រាប់ផ្លាស់ប្ដូរគ្នាជាមួយ Brahim Diaz ក្នុងតំបន់បម្រើប្រយុទ្ធ។
ការពាក់អាវ AC Milan នេះប្រៀបដូចជាសុបិនរបស់គេអ៊ីចឹងដែរ។ សារព័ត៌មាន La Gazzetta dello Sport ឲ្យដឹងថា កីឡាករជនជាតិប្រេស៊ីលរូបនេះធ្លាប់ជាអ្នកញៀនស្រា ហើយស្ទើរតែបាត់បង់ជីវិតក្នុងគ្រោះចរាចរណ៍ ដោយសារបាត់បង់ស្មារតី។
កីឡាករវ័យ៣០ឆ្នាំបានបោះបង់ក្ដីស្រមៃជាកីឡាករបាល់ទាត់ និងផ្លាស់ទៅរស់នៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ២០១១ ដោយធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅតាមកំពង់ផែ និងព្រលានយន្ដហោះ (Shipper) ដើម្បីចិញ្ចឹមប្រពន្ធ និងកូន២នាក់។
ក្នុងពេលទំនេរគេក៏បានឆ្លៀតលេងបាល់ទាត់ក្នុងក្រុមមិនមែនអាជីព រហូតដល់ឆ្នាំ២០១៩ គេត្រូវបានជ្រើសរើសចូលក្រុម Crotone នៃក្របខណ្ឌ Serie A។ ទោះអាចរកបាន៩គ្រាប់ ពីការចូលលេង៣៦ប្រកួត Messias មិនអាចជួយ Crotone គេចផុតពីតំបន់កាត់ចោលទៅ Serie B។ យ៉ាងណា ដោយសារតែសមត្ថភាពល្អ AC Milan បាននាំយកគេចូលក្រុមក្នុងរដូវកាល២០២១/២០២២៕