លេងបានមួយវគ្គទៅហើយ ទើបដឹងប្រធានក្រុមក្រូអាតឆ្លងកូវីដ១៩
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត Domagoj Vida បានចូលលេងពេញមួយវគ្គទីមួយតែម្ដងក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទួរគី នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា មុនរកឃើញថា រូបគេបានឆ្លងជំងឺកូវីដ១៩។
តាមពិតទៅ ខ្សែការពារកណ្ដាលខាងលើត្រូវបានគ្រូបង្គោលក្រូអាតត្រៀមប្ដូរចេញទៅហើយក្រោយចប់វគ្គទីមួយ។
សេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា “៖ Vida នឹងនៅដាច់ដោយឡែកនៅប្រទេសទួរគី នាក្រុងអ៊ីស្តង់ប៊ុលតែម្ដង។”
សមាជិកទាំងអស់ផ្សេងទៀតនឹងបន្តដំណើរទៅកាន់ប្រទេសស៊ុយអែតសម្រាប់ការប្រកួត UEFA Nations League នាថ្ងៃសៅរ៍ ខាងមុខ។
កាលពីថ្ងៃចន្ទ មានការតេស្ដទាំងកីឡាករ និងបុគ្គលិកគ្រប់គ្នា តែបង្ហាញថា អវិជ្ជមាន។ នៅព្រឹកថ្ងៃពុធ ក៏មានការតេស្ដថែមទៀត។
លទ្ធផលនៃការធ្វើតេស្ដលើកទីពីរ ទើបបានបង្ហាញនៅវគ្គទីមួយនៃការប្រកួតប៉ុណ្ណោះដែល Vida ត្រូវបានផ្លាស់ប្ដូរចេញរួចរាល់ដែរ៕