Ramos ស្មើកំណត់ត្រាមួយរបស់អ្នកចាំទីជើងចាស់ Buffon
គិតមកទល់ពេលនេះ Sergio Ramos បង្ហាញខ្លួនបាន១៧៦ប្រកួតហើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដែលនេះជាកំណត់ត្រាស្មើទៅនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមជម្រើសជាតិអ៊ីតាលី។
ការប្រកួតទី១៧៦នេះកើតឡើងពេលអេស្ប៉ាញប្រកួតស្មើជាមួយហុល្លង់ ជំនួបមិត្តភាពនៅកីឡដ្ឋាន Johan Cruyff Arena ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកការប្រកួតទី១៧៦របស់ Buffon គឺនៅខែមីនា ឆ្នាំ២០១៨។
Ramos ចូលលេងឲ្យអេស្ប៉ាញដំបូងនៅខែមីនា ឆ្នាំ២០០៥ ពេលប្រកួតមិត្តភាពជាមួយជម្រើសជាតិចិន ដែលកាលណោះនៅវ័យ១៨ឆ្នាំ និង៣៦១ថ្ងៃ ធ្វើឲ្យគេក្លាយជាកីឡាករក្មេងជាងគេក្នុងក្រុមជម្រើសជាតិ រយៈពេល៥៥ឆ្នាំ។
ក្រោយចូលរួមជាមួយ Real Madrid នៅឆ្នាំ២០០៥ អតីតសមាជិក Sevilla រកបានពីរគ្រាប់ពេលឈ្នះ San Marino ៤ទល់នឹង០ ក្នុងវគ្គជម្រុះ FIFA World Cup 2006។ គេរួមចំណែកសំខាន់ក្នុងការឈ្នះ FIFA World Cup 2010 ព្រមទាំង UEFA Euro 2008 និង 2012។ Ramos ត្រូវការតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាកីឡាករលេងច្រើនជាងគេសម្រាប់ជម្រើសជាតិនៅអឺរ៉ុប៕