
បេក្ខភាពឈានមុខប្រជែងយកពានកីឡាករល្អប្រចាំទ្វីបអឺរ៉ុប ចេញមកហើយ!!!
ការជ្រើសរើសបេក្ខភាពកីឡាករល្អប្រចាំទ្វីបអឺរ៉ុបបានប្រកាសជាផ្លូវការហើយ ដើម្បីអោយប្រិយមិត្តទាំងឡាយបានស្គាល់ពួកគេ។ កីឡាករ Locas Modric កីឡាករ Mohamad Salah និង កីឡាករ C.Ronaldo គឺជាបេក្ខភាពឈានមុខ3នាក់ក្នុងការប្រជែងយកពានកិត្តិយស កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុប។
វត្តមានរបស់កីឡាករទាំង3ក្នុងពេលនេះ បានមកពីការបោះឆ្នោតពីសំណាក់គ្រូបង្វឹកចំនួន 80នាក់ដែលមានឈ្មោះដឹកនាំក្នុងព្រឹត្តិការណ៏ UCL និង UEL រដូវកាលមុន និងរួមជាមួយអ្នកកាសែតជួរមុខ55នាក់ផ្សេងទៀតដែលស្ថិតក្រោមដំបូល UEFA។
Ronaldo និង Modric ជួយអោយស្តេចឈ្នះពាន UCL 3រដូវកាលជាប់គ្នា ដែលបច្ចុប្បន្នខ្សែប្រយុទ្ធជនជាតិ Portugal ផ្លាស់ទៅក្លឹបថ្មី Juventus ជាមួយកំណត់ត្រា Top-Scorer 6រដូវកាលជាប់គ្នានៅ UCL។
តារាបាល់ទាត់ Croatia ក៏ទើបតែទទួលបានពានកិត្តិយស Golden Ball ក្នុងព្រឹត្តិការណ៏ World Cup 2018 ផងដែរ ដែលរូបគេបានជួយក្រុមអណ្តាតភ្លើងឡើងដល់វគ្គផ្តាច់ព្រាត់ និងទទួលបានចំណាត់ថ្នាក់លេខ2។
ចំណែកតារាទើបរះ Mohamad Salah ក៏បានជួយហង្សក្រហមក្លាយជាជើងឯករង UCL រដូវកាលមុននិងរកគ្រាប់បាល់បញ្ចូលទីគ្រប់កម្មវិធីទាំងអស់ក្នុងរដូវកាលដំបូងជាមួយ Liverpool ចំនួន44គ្រាប់ផងដែរ។
ដោយឡែកបេក្ខភាពផ្សេងទៀតដូចជា A.Greizman ដែលជួយបារាំងឈ្នះពាន World Cup 2018 និង At.Madrid ឈ្នះពាន UEL រដូវកាលមុនកំពុងស្ថិតក្នុងចំណាត់លេខ4 រីលេខរៀងទី5គឺ តារាបាល់ទាត់របស់ Barcelona, Leo Messi ដែលធ្លាប់ឈ្នះពានកិត្តិយសនេះ2ដងរួចមកហើយ។
ក្នុងនោះដែរកីឡាករលំដាប់កំពូលមួយចំនួនដូចជា Mbappe, De Bruyne, R.Varane, E.Hazard និង S.Ramos ក៏មានឈ្មោះក្នុងបញ្ជីកីឡាករ10នាក់ដែរ។
គួរបញ្ជាក់ថា លទ្ធផលនៃពានរង្វាន់កិត្តិយស UEFA Player of the Year នេះនិងប្រកាសជាផ្លូវការនៅថ្ងៃទី30 ខែសីហា ក្នុងកម្មវិធីចាប់ឆ្នោត UEFA Champions League វគ្គចែកពូលសំរាប់រដូវកាលថ្មី 2018/2019៕