Grealish ធ្វើតេស្ដសុខភាពនៅ Man City ថ្ងៃនេះ
សារព័ត៌មាន the Guardian ផ្សាយថា Manchester City បានចុះកិច្ចសន្យាផ្ទេរយក Jack Grealish ពី Aston Villa ដោយជោគជ័យហើយក្នុងតម្លៃ១០០លានផោន។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសនឹងធ្វើតេស្ដសុខភាពនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា នេះមុនត្រូវបានប្រកាសជាផ្លូវការក្នុងនាមកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។
បើអ្វីៗមិនប្រែប្រួល Grealish នឹងក្លាយជាកីឡាករថ្លៃជាងគេនៅ Premier League ដោយបំបែកកំណត់ត្រា៨៩លានផោនដែល Manchester United ទិញ Paul Pogba ពី Juventus ក្នុងឆ្នាំ២០១៦។
រដូវកាលមុន កីឡាករវ័យ២៥ឆ្នាំខាងលើជាប់ជម្រើស១១នាក់ដំបូង២៤ប្រកួត រកបាន៦គ្រាប់ និង assist ១០ដង។ បញ្ហារបួសធ្វើឲ្យគេមិនបានជួយ Aston Villa ប៉ុន្មានប្រកួត ដែលខកខានក្នុងការប្រជែងកៅអីនៅអឺរ៉ុប។
បន្ទាប់ពីចប់ការផ្ទេរ Grealish ក្រុមមេឃខៀវនឹងផ្ដោតកាន់តែខ្លាំងលើការផ្ទេរ Harry Kane ពី Tottenham Hotspur។ ពួកគេចង់ឲ្យក្រុមមាន់ខ្នាយមាសទម្លាក់តម្លៃផ្ទេរដែល Spurs ចង់បានដល់ទៅ១៥០លានផោន៕