ធ្លាយរូប Neymar ដុះក្បាលពោះ
Neymar ត្រូវចំណាយពេលច្រើនហើយដើម្បី gym សម្រកទម្ងន់ពេលវិលទៅចូលរួមជាមួយ Paris Saint Germain វិញសម្រាប់រដូវកាល២០២១/២០២២។
ខ្សែប្រយុទ្ធប្រេស៊ីលកំពុងសម្រាកលំហែកាយនៅឡើយក្រោយចប់យុទ្ធនាការ Copa America ដោយសំដិលខ្លួននៅឆ្នេរ Ibiza ប្រទេសអេស្ប៉ាញយ៉ាងរីករាយជាមួយមិត្តស្និទ្ធស្នាលមួយចំនួន។
Fans ជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះស្ថានភាពរាងកាយរបស់ Neymar នាពេលបច្ចុប្បន្ន។ អតីតខ្សែប្រយុទ្ធ Barcelona កើនគីឡូគួរកត់សម្គាល់ ខណៈការប្រកួតក្របខណ្ឌកំពូលបារាំង French Ligue 1 រដូវកាល២០២១/២០២២ នឹងចាប់ផ្ដើមចុងសប្ដាហ៍នេះ។
ម្ចាស់ account ម្នាក់សរសេរថា “៖ Neymar កំពុងបំផ្លាញអាជីពខ្លួនឯងហើយ គេមើលទៅកំពុងដើរគន្លងរបស់ Ronaldinho។”
Neymar, Di Maria និង Marco Verratti ទំនងមិនអាចចូលរួមការប្រកួតបើកឆាករដូវកាលថ្មីពេល Paris Saint Germain ប៉ះ Troyes បានទេ។ PSG ក៏ទើបចាញ់ Lille អស់ពាន French Super Cup មួយ កាលថ្ងៃអាទិត្យ ទី០១ ខែសីហា។
ដោយឡែក Neymar ដែលបានតកុងត្រានៅ PSG ដល់ ឆ្នាំ២០២៥ អះអាងថា សប្បាយចិត្តក្នុងការលេងនៅក្រុមមានមូលដ្ឋាននាក្រុងប៉ារីស៕