រកគ្រូថ្មីនៅអឺរ៉ុបមិនបាន Celtic តែងតាំងគ្រូមកពីអាស៊ីលើកដំបូង
ក្លិបបាល់ទាត់ Celtic បានសម្រេចតែងតាំងលោក Ange Postecoglou ជាអ្នកចាត់ការថ្មី បំពេញកៅអីនៅសល់ពីលោក Neil Lennon ដែលបានចែកផ្លូវនាដំណាច់រដូវកាល២០២០/២០២១។
អតីតខ្សែការពារជម្រើសជាតិអូស្ត្រាលីបានចូលកាន់តំណែងក្រុមនៅលីគកំពូលស្កុតលែនក្រោយចាកចេញពី Yokohama F. Marinos ជាទីរូបលោកដឹកនាំឈ្នះជើងឯកលីគកំពូលជប៉ុន J-League លើកដំបូងក្នុងរយៈពេល១៥ឆ្នាំ។
បុរសវ័យ៥៥ឆ្នាំក៏បានដឹកនាំក្រុមជម្រើសជាតិអូស្ត្រាលីពីចន្លោះឆ្នាំ២០១៣ដល់២០១៧ និងនាំក្រុមកង់ហ្គារូឡើងជុំចុងក្រោយ FIFA World Cup 2014 នៅប្រេស៊ីល។ លោកក៏បាននាំអូស្ត្រាលីឈ្នះជើងឯក Asian Cup កាលឆ្នាំ២០១៥ ដែលជាលើកទី១ក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ លោកគឺជាគ្រូបង្វឹកស្កុតលែនទី១ហើយដែលមកពីទ្វីបអាស៊ី។
គួរដឹងដែរថា Celtic បានត្រឹមលេខ២ប៉ុណ្ណោះក្នុងក្របខណ្ឌកំពូលស្កុតលែន ខណៈ Rangers ក្រោមការដឹកនាំពី Steven Gerrard ដណ្ដើមបានជើងឯក និងមិនចាញ់ទាល់តែសោះ។
តាមពិតទៅលោក Ange Postecoglou មានដើមកំណើតជាជនជាតិក្រិក តែបានទៅរស់នៅប្រទេសអូស្ត្រាលីតាំងពីអាយុ៥ឆ្នាំ៕