ផ្លូវការ! ខ្សែការពារ Virgil van Dijk ប្រកាសដកខ្លួនពីក្រុមជម្រើសជាតិហូឡង់នៅព្រឹត្តិការណ៍ Euro 2020
ខ្សែការពារ Virgil van Dijk ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយសារមិនទាន់ជាសះស្បើយពីរបួស១០០%។
សមាជិករបស់ក្រុមហង្សក្រហម Liverpool ខាងលើបានអវត្តមាននៅលើទីលានកាលពីខែតុលាឆ្នាំមុន ដោយសារតែរបួសដាច់សសៃជង្គង់ ACL ក្រោយទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ Everton។
យ៉ាងណាក្តីគ្រូបង្វឹកក្រុមមច្ចុរាជទឹកក្រូចហូឡង់ Frank De Boer បាននិយាយថា លោកគាំទ្រការសម្រេចចិត្តរបស់ Virgil van Dijk ព្រោះគេដឹងពីស្ថានភាពរបស់គេ ហើយវាជាអាជីពរបស់គេ។ លោកមិនអាចបង្ខំគេបានឡើយ។
គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះគ្រូបង្វឹក Jurgen Klopp ទើបតែបានព្រមានមិនឱ្យខ្សែការពារ Virgil Van Dijk បង្ខំលេងឱ្យក្រុមជម្រើសជាតិហូឡង់នៅព្រឹត្តិការណ៍ Euro 2020 ទាំងមិនទាន់ជាសះស្បើយ១០០%ឡើយ ព្រោះវាអាចប៉ះពាល់ដល់របួសកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។