ពិតទេ?! អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ត្រៀមចែកផ្លូវគ្នាជាមួយក្លឹបថ្មី Neftçi PFK
កាលពីថ្ងៃទី១៥ ខែមីនា អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយក្លឹបថ្មី Neftçi PFK ក្នុងក្របខណ្ឌកំពូលប្រទេស Azerbaijan រហូតដល់ចប់រដូវកាលនេះ។
Neftçi PFK ជាក្លឹបទី១០ហើយនៅក្នុងអាជីពរបស់បុរសជនជាតិជប៉ុន ក្រោយពីបានចែកផ្លូវគ្នាជាមួយក្លឹប Portimonense យ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។
យ៉ាងណាក្តីនៅពេលថ្មីៗនេះ Keisuke Honda ត្រូវបានគេរាយការណ៍មកថា ក៏កំពុងតែត្រៀមចាកចេញពីក្លឹប Neftçi PFK ក្រោយពីបានបង្ហាញខ្លួនប៉ុន្មានប្រកួតប៉ុណ្ណោះ ហើយអាចនឹងផ្លាស់មកកាន់ Selangor SC នៅក្របខ័ណ្ឌរបស់ម៉ាឡេស៊ីវិញ ខណៈដែលមូលហេតុគឺមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានបន្តត្រេចររកក្លឹបលេងនៅតំបន់អឺរ៉ុប និងឡាទីន ដោយមូលហេតុរបស់ខ្លួនគឺត្រូវការស្វែងរកក្លឹបថ្មីលេងភ្លាមៗឱ្យខានតែបានព្រោះមានគោលបំណងសំខាន់បំផុតដើម្បីចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។