អ្នកចាត់ការ West Brom អាចនឹងរបូតតំណែងនៅថ្ងៃពុធនេះហើយ
អ្នកចាត់ការ West Brom លោក Slaven Bilic អាចនឹងត្រូវបានបណ្តេញចេញនៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ នេះហើយ។
ដំណឹងនេះកើតឡើង ទោះបីក្លិបដែលអង្គុយលេខ ១៩ ក្នុងក្របខណ្ឌ Premier League អាចបានលទ្ធផលស្មើ ១-១ ជាមួយ Manchester City នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ក៏ដោយ។
គេដឹងថា ថ្នាក់ដឹកនាំក្រុមមានរហស្សនាមចាបពូក បាននិងកំពុងពិភាក្សាអំពីថាតើត្រូវចំណាយរយៈពេលប៉ុន្មានសប្តាហ៍ដើម្បីស្ដារក្រុមដែលកំពុងគេចចេញពីតំបន់គ្រោះថ្នាក់នៅ Premier League ។
អ្នកស្និទ្ធនឹងក្លិបនេះមួយចំនួនមិនគាំទ្រចំពោះផែនការបណ្ដេញលោក Bilic ដោយស្នើផ្តល់ពេលវេលាបន្ថែមទៀត។
ទោះយ៉ាងណា គេគិតថា ម្ចាស់ក្លិបដែលជាជនជាតិចិនកំពុងតែពិចារណាស៊ីជម្រៅតែម្ដង ហើយលោក Bilic អាចនឹងក្លាយជាអ្នកចាត់ការដំបូងគេនៅ Premiler League រដូវកាលនេះដែលត្រូវបានដកតំណែង។
លោក Sam Allardyce លោក Nigel Pearson លោក Mark Hughes និងលោក Eddie Howe សុទ្ធតែត្រូវបានគេរាយការណ៍ថាជាបេក្ខជនដើម្បីជំនួសអតីតគ្រូបង្គោលជម្រើសជាតិក្រូអាត និង West Ham រូបនេះ។
Bilic បានចូលកាន់តំណែងនៅកីឡដ្ឋាន The Hawthorns ចាប់តាំងពីឆ្នាំ ២០១៩ ជំនួសលោក Darren Moore និងបានដឹកនាំ West Brom ត្រលប់ចូលក្របខណ្ឌ Premier League វិញនៅរដូវកាលដំបូង។
ទោះយ៉ាងណាការទទួលបានកៅអីមកក្របខណ្ឌកំពូលវិញនេះកើតឡើងនៅថ្ងៃចុងក្រោយប៉ុណ្ណោះ ព្រោះ៤ប្រកួតចុងក្រោយនៅក្របខណ្ឌទីពីរ West Brom រកបានតែ៣ពិន្ទុ៕