Klopp ថា Spurs ពូកែណាស់រឿងលេងវាយបក
អ្នកចាត់ការ Liverpool លោក Jurgen Klopp បានសរសើរចំណុចពិសេសមួយរបស់ Tottenham Hotspur មុនក្រុមទាំងពីរជួបគ្នានៅជុំទី១៣ក្របខណ្ឌ Premier League នៅថ្ងៃពុធ ទី១៦ ខែធ្នូ។
“Tottenham ជាក្រុមកំពូលមួយ ហើយនៅពេលដែលពួកគេមានបាល់ ពួកគេបានបង្ហាញវា។ ប៉ុន្តែសំខាន់ជាងនេះ ពួកគេការពារបានល្អ ហើយអាចវាយបកយ៉ាងល្អបំផុត។ ពេលខ្លះពួកគេប៉ះតែ៣តង់ទេ ដល់មុខទីបាត់។” នេះជាសម្ដីរបស់លោក Klopp។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះបន្ថែមថា “ពួកគេគឺជាក្រុមខ្លាំង ប៉ុន្តែវាមិនធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្តលើក្រុមរបស់ខ្ញុំទេ។ យើងតែងតែមានឱកាសឈ្នះ។”
លើកចុងក្រោយលោក Klopp និងលោក Jose Mourinho បានជួបគ្នានៅឯ Anfield គឺកាលពីពីរឆ្នាំមុន។ នៅពេលនោះលោក Mourinho បានដឹកនាំ Man UTD និងទទួលបានបរាជ័យ ១-៣ ។ ភ្លាមៗបន្ទាប់ពីការប្រកួតនោះ លោក Mourinho ត្រូវបានបណ្តេញចេញ។
“ខ្ញុំគិតថា មិនអាចប្រៀបធៀប Man UTD នៅគ្រានោះជាមួយ Tottenham បច្ចុប្បន្នបានទេ។ សូម្បីតែទំនុកចិត្តក្នុងក្រុមក៏ខុសគ្នាដែរ។ ស្ទីលដឹកនាំរបស់លោក Mourinho ក៏ខុសគ្នាពីមុន។ គាត់ឧស្សាហ៍សាកល្បងយុទ្ធសាស្ត្រថ្មីៗ”៕
ក្រុមទាំងពីរមាន២៥ពិន្ទុដូចគ្នាពីការប្រកួត១២លើក ប៉ុន្តែ Tottenham Hotspur ឈរលេខមួយ និង Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខពីរ៕