Zinedine Zidane ចង់ដាក់កីឡាករវ័យក្មេងឱ្យក្លិបផ្សេងខ្ចីកាន់តែច្រើន
(BC-99)
លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានសារភាពថាគាត់ចង់ឱ្យកីឡាករវ័យក្មេងរបស់ក្លិបជាច្រើនទៀតត្រូវបានក្លិបដទៃខ្ចីនៅរដូវកាលក្រោយ។
ស្របពេលដែលស្ថានភាពកូវីតនៅតែបន្តរាតត្បាតតាមតំបន់នានាទូទាំងសកលលោកដែលបានធ្វើឱ្យ Real Madrid រងផលប៉ះពាល់យ៉ាងធំធេងដែរនោះពេលនេះលោក Zidane បានងាកទៅសិក្សារបត់ថ្មីមួយទៀតដែលអាចជួយកាត់បន្ថយថ្លៃចំណាយរបស់ក្លិបនេះអស់មួយភាគធំដែរ។
ការដាក់កីឡាករវ័យក្មេងរបស់ អធិរាជស ឱ្យក្លិបដទៃខ្ចីយកទៅប្រើប្រាស់និងមើលថែជំនួសក្នុងចំនួនច្រើននាក់គឺជាការយល់ឃើញរបស់លោក Zinedine Zidane ថាវាគឺជាការសន្សំសំចៃថវិការមួយដ៏មានប្រសិទ្ធភាពហើយក៏អាចឱ្យកីឡាករវ័យក្មេងទាំងនោះមានឱកាសស្វែងរកបទពិសោធន៍បន្ថែមក្នុងអាជីពផងដែរ។ លោកបាននិយាយថា៖ “ ដើម្បីឱ្យកីឡាករទាំងនោះអាចបង្កើតស្នាដៃខ្លួនឯងបានពួកគេត្រូវតែលេងឱ្យបានច្រើន ហើយវាពិបាកណាស់នៅពេលដែលពួកគេនៅជាមួយក្រុមដែលមានកីឡាករខ្លាំងៗច្រើន។ ដូច្នេះហើយទើបពួកគេភាគច្រើនត្រូវបានដាក់ឱ្យក្លិបផ្សេងខ្ចីយកទៅលេងដើម្បីទទួលយកបទពិសោធន៍ល្អៗមុនពេលពួកគេត្រឡប់មកវិញ។ មានឧទាហរណ៍ជាច្រើននៅឯក្លិប Real Madrid ដែលកីឡាករបានដើរនិងអនុវត្តន៍តាមមាគ៌ានោះ” ។
គួរបញ្ជាក់ដែរថា Real Madrid ក៏ជាក្លិបដ៏ធំមួយផងដែរដែលកំពុងតែលង់ក្នុងបំណុលក្នុងគ្រាហ៍មានអាសន្ននេះ បើតាមឱ្យដឹងក្លិបមួយនេះទំនងជាធ្វើកំណែរទម្រង់កាត់ការចំណាយទ្រង់ទ្រាយធំបន្តទៀតក្រោយពីបានអនុវត្តន៍ការកាត់បន្ថយចំណាយកាលពីរដូវកាលមុនម្តងរួចមកហើយ។