អតីតគ្រូចាន់ វឌ្ឍនាកា ជាបេក្ខជននាំមុខគេសម្រាប់តំណែងគ្រូបង្គោលប្រ៊ុយណេ
លោក Datuk K.Rajagobal គឺជាអ្នកនាំមុខគេក្នុងចំណោមបេក្ខជន៣រូបសម្រាប់តំណែងគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិប្រ៊ុយណេ។
បេក្ខជនពីររូបទៀតគឺលោក Gerd Zeise អតីតគ្រូបង្គោលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងលោក Michael Weiss អតីតគ្រូបង្គោលក្រុមជម្រើសជាតិហ្វីលីពីន។
ប្រធានសហព័ន្ធបាល់ទាត់ប្រ៊ុយណេ Pengiran Matusin Pengiran Matasan បានមានប្រសាសន៍ថា“៖ យើងបានបញ្ចប់ការវាយតម្លៃបច្ចេកទេសរបស់បេក្ខជនទាំងអស់ហើយគ្រូបង្វឹកទាំងបីរូបនេះបានបំពេញតាមលក្ខណៈបច្ចេកទេសដែលបានកំណត់រួចហើយ។ ក្រៅពីAFF Suzuki Cup នៅសល់តែប៉ុន្មានខែទៀតនោះ យើងក៏ត្រូវគិតគូអំពីហិរញ្ញវត្ថុផងដែរ។ប៉ុន្តែរឿងមួយដែលប្រាកដនោះ គឺថាយើងនឹងធ្វើការប្រកាសជាផ្លូវការពីគ្រូបង្គោល។”
Rajagobal ត្រូវបានគេស្គាល់ច្រើននៅអាស៊ាន ពេលម៉ាឡេស៊ីឈ្នះជើងឯក AFF Suzuki Cup 2010 និងមេដាយមាសស៊ីហ្គេមលើវិញ្ញាសាបាល់ទាត់បុរសក្នុងឆ្នាំ ២០០៩នៅប្រទេសឡាវ។ បុរសវ័យ៥៦ឆ្នាំបានដឹកនាំក្លិប PKNS នៃក្របខណ្ឌកំពូលម៉ាឡេស៊ីពីចន្លោះឆ្នាំ២០១៧ដល់២០១៩។ ក្លិបនេះហើយដែលចាន់ វឌ្ឍនាកា បានរួមចំណែកលេងនៅជុំទីមួយរដូវកាល២០១៩។
Zeise ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២០ ឆ្នាំឲ្យទៅចូលរួមប្រកួត FIFA U20 World Cupកាលពីឆ្នាំ ២០១៥ និងធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមធំមីយ៉ាន់ម៉ាចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៨។ Weisse បាននៅជាមួយក្រុមជម្រើសជាតិហ្វីលីពីន U23 ក្នុងឆ្នាំ ២០១១ និងក្រុមធំតាំងពីឆ្នាំ ២០១១ ដល់ ២០១៤៕