ក្បួនដឹកនាំរបស់លោក Ralf Rangnick និង លោក Klopp គឺស្រដៀងគ្នា
បន្ទាប់ពីយប់មិញនេះ មានសារព័ត៌មានជាច្រើន បានផ្អើលចុះផ្សាយទាក់ទងរឿងគ្រូបណ្តោះអាសន្នថ្មីរបស់ Manchester United គឺលោក Ralf Rangnick បានអន្ទង់ចិត្តប្រិយ៍មិត្តជាច្រើនឲ្យមកចង់តាមដានរឿងនេះ ដោយក្នុងនោះអត្ថបទផ្សេងៗបានចុះផ្សាយថា Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Ralf Rangnick ដើម្បីក្លាយជាអ្នកចាត់ការបណ្តោះអាសន្នក្នុងកិច្ចសន្យារយៈពេល 6 ខែ។ បន្ទាប់មកលោកនឹងធ្វើការនៅក្លឹបដោយផ្អែកលើអ្នកប្រឹក្សាសម្រាប់រយៈពេល 2 ឆ្នាំបន្ថែមទៀត។ សូមបញ្ជាក់ថា លោក Ralf Rangnick ជនជាតិអាល្លឺម៉ង់ ធ្លាប់ដឹកនាំក្រុម Schalke 04 និង ក្លិបចុងក្រោយដែលលោកបានដឹកនាំគឺ RB Leipzig (2015-2016 និង 2018-219)។ (ប្រភព៖ The Athletic)
ក្បួនលេងរបស់លោក Ralf Rangnick
ទម្រង់ ឬក្បួនលេងរបស់លោក Rangnick ជាធម្មតាមានប្រព័ន្ធខ្សែប្រយុទ្ធពីរជាមួយនឹងការបំរែបំរួលរបស់បាល់ទាត់អាល្លឺម៉ង់ ដូចជា 4-2-2-2/4-4-2, 4-3-3 ក៏ដូចជា 3-5-2 ហើយក្បួនលេងទាំងនេះគាត់បានប្រើប្រាស់ពេលដែលដឹកនាំក្លិប Hoffenheim និង RB Leipzig ។ បើគ្មានបាល់ ឬបាត់បាល់ Rangnick នឹងឱ្យកីឡាករតាមដាក់សម្ពាធគូប្រកួតឱ្យខ្លាំងនៅលើទីលាន ដើម្បីបង្ខំឱ្យគូប្រកួតទម្លាក់បាល់ចុះទៅក្រោមហើយកីឡាកររបស់លោកដេញតាម ហើយពេលដណ្ដើមបាល់បាននឹងធ្វើការសម្រុក វាយប្រហារលឿនៗតែម្ដងតាមតែអាចធ្វើបាន។
ក្រុមរបស់លោក Rangnick ពេលលេងគេឃើញថា នឹងតាមដាក់សម្ពាធខ្លាំងៗទៅលើគូប្រកួតដែលមានបាល់ ហើយភាគច្រើនតាមបិទមួយទល់មួយ។ កលល្បិចរបស់លោកក៏រៀបចំ និងសម្របសម្រួលតាមរយៈ ការដាក់អន្ទាក់’ ដែលក្រុមគូប្រកួតបញ្ជូនបាល់ទៅតំបន់ជាក់លាក់នៃទីលានខាងទឹកដីរបស់ពួកគេ ដោយពេលខ្លះដាក់សម្ពាធនិងបង្ខំឱ្យគូប្រកួត បោះបាល់ចេញដោយគ្មានគោលដៅ។ អ្វីដែលយើងឃើញបច្ចុប្បន្នគឺ Liverpool លេងបែបនេះហើយលោក Klopp ក៏ចេះពីលោក Rangnick នេះដែរ។
សូមបញ្ជាក់ផងដែរថា បិសាចក្រហម Manchester united នៅមិនទាន់ប្រកាសជាផ្លូរការនៅឡើយទេ ប៉ុន្តែប្រភពផ្សេងៗបានបញ្ជាក់ថា ក្លិបនិងធ្វើការប្រកាសឆាប់ៗខាងមុខនេះ៕