
Mourinho អះអាងថា West Ham តាមស្មើ៣គ្រាប់វិញមិនមែនដោយសារដូរ Bale ចូលទេ
ការបង្ហាញខ្លួនសាជាថ្មីរបស់ Gareth Bale នៅ Tottenham Hotspur មិនបានរលូនល្អតាមផែនការទេក្នុងការប្រកួត Premier League កាលថ្ងៃអាទិត្យ ទី១៨ ខែតុលា។ ជាក់ស្ដែង ពេលគេត្រូវបានប្ដូរចូលនៅនាទី៧២នោះ Spurs បាននាំមុខលើ West Ham ៣ទល់នឹង០ទៅហើយ។ ផ្ទុយទៅវិញ ១០នាទីក្រោយមក ក្រុមញញួរធំចាប់ផ្ដើមវាយបកម្ដងមួយគ្រាប់ៗរហូតស្មើគ្នា៣ទល់នឹង៣។
Bale ដែលវិលទៅមាន់ខ្នាយមាសវិញលើកិច្ចសន្យាខ្ចីពី Real Madrid ស្ទើរតែរកបន្ថែមគ្រាប់ទី៤ តែធ្វើមិនបានសម្រេច។ យ៉ាងណា លោក Jose Mourinho មិនបន្ទោស Bale រឿងលទ្ធផលមិនល្អនេះទេ។
អ្នកចាត់ការ Tottenham ពន្យល់បែបនេះ “៖និយាយឲ្យត្រង់ទៅ មិនមែនយើងភ្លាត់ស្មើហ្នឹងដោយសារ Bale ទេ។ រឿងដែលខ្ញុំមិនដាក់គេនៅ១១នាក់ដំបូងហ្នឹង ខ្ញុំគិតថា ជាជម្រើសល្អហើយ។ វាបញ្ជាក់ថា អ្នករាល់គ្នាត្រូវតែប្រឹងប្រែងដើម្បីកៅអីដំបូង។ សម្រាប់លទ្ធផល ខ្ញុំ និងកីឡាករពិតជាខកចិត្តខ្លាំងណាស់។”
Heung-Min Son បើកការនាំមុខតាំងពីនាទីទីមួយ មុន Harry Kane ថែមពីរគ្រាប់ទៀតនៅនាទីទី៨ និងនាទី១៦។ នាទី៨២ Fabian Balbuena បានវាយបកមួយគ្រាប់វិញសម្រាប់ West Ham ហើយគ្រាប់ទីពីរកើតឡើងដោយសារបាល់ចូលទីខ្លួនឯងពី Davinson Sanchez នៅនាទី៨៥។ ដល់នាទី៩០+៤ទៅហើយ ស្រាប់តែ Manuel Lanzini ទាត់ពីចម្ងាយចូលជ្រុង៩០បានសម្រេច៕