លេចធ្លោនៅ AFF Cup ខ្សែការពារឥណ្ឌូនេស៊ីម្នាក់ឆក់បានចំណាប់អារម្មណ៍ពីក្លិបជប៉ុន
ខ្សែការពារ Elkan Baggott បានក្លាយជាគោលដៅរបស់ក្លិបជប៉ុន FC Tokyo នៃក្របខណ្ឌ J-League 1។
“ចំណាប់អារម្មណ៍របស់ FC Tokyo លើ Elkan Baggott កើតឡើងបន្ទាប់ពីការបង្ហាញភាពលេចធ្លោនៅ AFF Cup 2020 ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។” នេះជាការចុះផ្សាយពីសារព័ត៌មានឥណ្ឌូនេស៊ី Bola។
ប្រភពដដែលលើកឡើងថា វត្តមានរបស់ Baggott អាចជួយតំបន់ការពាររបស់ FC Tokyo បាន។ នេះជាផែនការដែលក្លិបជប៉ុនចង់ធ្វើមុនបើកលីគរដូវកាលថ្មី។
ចំណែកសារព័ត៌មានជប៉ុនលើកឡើងថា កូនកាត់អង់គ្លេសខាងលើមានកម្ពស់ខ្ពស់ និងជោគជ័យច្រើនក្នុងការប្រជែងយកបាល់។
Elkan Baggott មានឪពុកជាជនជាតិអង់គ្លេស និងម្ដាយឥណ្ឌូនេស៊ី កើតនៅបាងកក ប្រទេសថៃ។ គេដុះដាលចេញពីថ្នាល Ipswich Town និងកំពុងលេងនៅក្លិប King’s Lynn Town នៃលីគទី៥អង់គ្លេស។
កីឡាករវ័យ១៩ឆ្នាំមានកម្ពស់១ម៉ែត្រ៩៤ និងជាប់ក្រុមធំឥណ្ឌូនេស៊ី ឆ្នាំ២០២១៕