ពុទ្ធ ឆាយរិទ្ធី: ធ្វើជាអ្នកប្រដាល់ជាង១២ឆ្នាំហើយ មិនដែលជួបហេតុការណ៍ចឹងទេ!
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ពុទ្ធ ឆាយរិទ្ធី ដែលជាកីឡាកររបស់ ពុទ្ធ សេរីវង្ស បានបរាជ័យដោយនឹកស្មានមិនដល់ ពោលគឺចាញ់ដោយកណ្តាប់ដៃរបស់ គឹម វាសនា បោះបង់ការប្រកួតត្រឹមទឹកទី២។ និយាយប្រាប់ក្រុមការងារ MSR SPORTS ទាំងដៃកាន់ថ្គាម ដោយបង្ហាញពីការនៅឈឺចាប់នៅឡើយ ពុទ្ធ ឆាយរិទ្ធី បាននិយាយថា: នេះគឺជាការបរា័យដោយនឹកស្មានមិនដល់ ដោយជំនួបគ្នា៧ប្រកួតកន្លងទៅជាមួយ វាសនា គឺសុទ្ធតែឈ្នះចាញ់គ្នាដោយពិន្ទុ ( ពុទ្ធ ឆាយរិទ្ធី ឈ្នះ២ និង ចាញ់៥ដង) តែសម្រាប់ជំនួបលើកទី៨នាពេលនេះ គឺជាបរាជ័យយ៉ាងអាម៉ាសបំផុត។
រីឯ គឹម វាសនា វិញក៏បាននិយាយប្រាប់ក្រុមការងារ MSR SPORTS ដែរថា: មានអារម្មណ៍សប្បាយចិត្ត នឹកស្មានមិនដល់ ថាអាចវ៉ៃឲ្យសិស្សច្បងឲ្យបោះបង់ការប្រកួតក្នុងជំនួបលេខហ៊ុងស៊ុយនេះបាន។ វាសនា បន្ថែមទៀតថា មួយដៃស្តាំដែលដាល់ចំថ្គាម ពុទ្ធ ឆាយរិទ្ធី នាពេលនោះគឺ វ៉ៃចំពេញកំលាំង១០០ភាគរយតែម្តង ព្រោះទាន់មានឱកាសដែលគាត់ខូចជំហរ។
សូមបញ្ជាក់ថា ជំនួបរវាង ពុទ្ធ ឆាយរិទ្ធី និង គឹម វាសនា អាចនឹងជួបគ្នាជាលើកទី៩ ព្រោះក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម មិនសូវមានច្រើនប៉ុន្មាននោះទេ៕