អតីតកីឡាករ Man Utd ៩រូបជាប់ជាបេក្ខភាពពានរង្វាន់ PL Hall of Fame 2021
(BC-99)
អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ចំនួន ៩ រូបបានក្លាយជាបេក្ខភាពទទួលបានការតែងតាំងជាកីឡាករបាល់ទាត់ឆ្នើមចូលរួមប្រជែងពានរង្វាន់ Premier League Hall of Fame ឆ្នាំ ២០២១ ។
ក្របខ័ណ្ឌ Premier League បានបង្កើតពានរង្វាន់អនុស្សាវរីយ៍ Hall of Fame ដើម្បីផ្តល់កិត្តិយសដល់អតីតកីឡាករដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងលីកបាល់ទាត់មួយនេះនិងកំពុងតែបើកឱកាសដល់ប្រិយ៍មិត្តបាល់ទាត់មកសព្វទិសទីអាចបោះឆ្នោតឱ្យអតីតកីឡាករនិងជាវីរបុរសបាល់ទាត់ដែលខ្លួនពេញចិត្តបានចំនួន៦សម្លងផងដែរ។
Alan Shearer ដែលបានលេងឱ្យក្រុម Blackburn Rovers និង Newcastle United រួមជាមួយ Thierry Henry របស់ក្រុម Arsenal គឺជាមនុស្សដ៏មានឥទ្ធិពលលើវិស័យកីឡាបាល់ទាត់របស់ Premier League និងជាមនុស្សដំបូងគេដែលទទួលបានពានរង្វាន់នេះ។
នៅរដូវកាលនេះគេសម្រាំងបានបេក្ខភាពដែលសុទ្ធសឹងជាអតីតកីឡាករមានឥទ្ធីពលនៅក្របខណ្ឌ Premier League ចំនួន ២៣ មកប្រកួតប្រជែងដែលក្នុងនោះមានអតីតកីឡាកររបស់ Manchester United ៩នាក់ដែលមាន David Beckham, Eric Cantona, Andrew Cole, Rio Ferdinand, Roy Keane, Peter Schmeichel, Paul Scholes, Robin van Persie និង Nemanja Vidic ។
រីឯអតីតកីឡាករឆ្នើមៗរបស់ Arsenal មានចំនួន៥នាក់គឺ Tony Adams, Dennis Bergkamp, Sol Campbell, Patrick Vieira និង Ian Wright ។ ក្រុម Liverpool មានចំនួន៣នាក់គឺ Steven Gerrard , Michael Owen និង Robbie Fowler ខណៈដែលបេក្ខភាពមកពី Chelsea មានចំនួន៤នាក់ដែរគឺ Ashley Cole, Didier Drogba, Frank Lampard និង John Terry។