ខ្សែប្រយុទ្ធវ័យក្មេងម្នាក់របស់ Southampton សម្រេចបំណងដែលខ្លួនប៉ងតាំងពីអាយុ៣ឆ្នាំ
Armando Broja និយាយថា គ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូងក្នុងក្របខណ្ឌ Premier League បានធ្វើឲ្យសុបិនរបស់គេក្លាយជាការពិត។
ក្រោយទាត់បញ្ចូលទីគ្រាប់ជ័យជម្នះរបស់ Southampton លើ Leeds United នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា កីឡាករវ័យ២០ឆ្នាំថ្លែងបែបនេះ “៖ វាពិតជារឿងអស្ចារ្យសម្រាប់ខ្ញុំដែលជាប់ជម្រើស១១នាក់លើកដំបូងនៅ Premier League។ ខ្ញុំស្រមៃដល់ពេលនេះតាំងពីអាយុ៣ឆ្នាំម្ល៉េះ។ ការទាត់បញ្ចូលទីនៅថ្ងៃចូលលេងជម្រើសដំបូងបែបនេះបានធ្វើឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ខ្ញុំមិនចង់សុំអ្វីល្អជាងនេះទេ។ នេះជាពេលវេលាដ៏ល្អមួយក្នុងអាជីពរបស់ខ្ញុំ។ សង្ឃឹមថា នឹងមានពេលវេលាបែបនេះច្រើនទៀត។”
Armando Broja កើតនៅអង់គ្លេសក្នុងគ្រួសារមានឪពុកម្ដាយជាជនជាតិអាល់បានី។ គេធ្លាប់ហាត់នៅថ្នាល Tottenham Hotspur និង Chelsea មុនចូលក្រុមធំតោខៀវ ឆ្នាំ២០២០។ រដូវកាល២០២១/២០២២នេះ គេត្រូវបានក្រុមលោក Thomas Tuchel ឲ្យ Southampton ខ្ចី និងចូលលេងបាន៥ប្រកួតហើយ។
កីឡាករកើតឆ្នាំ២០០១រូបនេះបានជាប់ជម្រើសជាតិអាល់បានី ក្នុងឆ្នាំ២០២០ ដោយគិតមកទល់ពេលនេះ ចូលលេងបាន១០ប្រកួត និងរកបាន៣គ្រាប់៕