Leicester ឡើងផ្ដាច់ព្រ័ត្រ FA Cup លើកដំបូងក្នុងរយៈពេល៥២ឆ្នាំ
មួយគ្រាប់ពី Kelechi Inheanacho ក្នុងនាទី៥៥ សមល្មមគ្រប់គ្រាន់នឹងផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់ Leicester City លើ Southampton ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០២០/២០២១។
ក្រុមកញ្ជ្រោងធ្លាប់ឡើងផ្ដាច់ព្រ័ត្រចុងក្រោយកាលឆ្នាំ១៩៦៩ ដែលកាលណោះពួកគេចាញ់ Manchester City ១ទល់នឹង០។
Leicester បានទម្លាក់ Manchester United ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈ Southampton បានយកឈ្នះ Bournemouth។
ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Wembley ថ្ងៃអាទិត្យ ទី១៨ ខែមេសា ក៏មានការអនុញ្ញាតឲ្យអ្នកទស្សនាចំនួន៤០០០នាក់ ដែលជាផ្នែកនៃការសាកល្បងបើកចូលរួមមើលដោយផ្ទាល់។
ដូច្នេះក្រុមលោក Brendan Rodgers ត្រូវឡើងទៅប៉ះ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៥ ខែឧសភា។ ក្រុមតោខៀវបានយកឈ្នះ Man City ១ទល់នឹង០ នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា៕