UEFA ព្រមានខ្លាំងដល់ក្រុមដែលចូលរួមបង្កើត European Super League
សមាជិកសំខាន់ៗនៃសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានជំទាស់ផែនការបង្កើតការប្រកួតថ្មីមួយដែលមានឈ្មោះថា European Super League។
UEFA បានចេញសេចក្ដីថ្លែងការណ៍ថា “៖ សហព័ន្ធបាល់ទាត់អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី បង្ហាញថា ក្លិបខ្លះមានបំណងចូលរួមការប្រកួត European Super League នេះ។ UEFA សូមបញ្ជាក់ជាថ្មីទៀតថា សមាជិកលីគទាំងអស់នឹងរួមគ្នាបញ្ឈប់ផែនការខាងលើ។ មិនមែនក្លិបទាំងអស់សុទ្ធតែចង់បង្កើតវាទេ។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់វា។ ដូចបានប្រកាស ក្លិបដែលចូលរួមការប្រកួតថ្មីនេះ នឹងត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតក្នុងស្រុក, ពានរង្វាន់អឺរ៉ុប និងការប្រកួតអន្តរជាតិផ្សេងៗទៀត។ សម្រាប់កីឡាករដែលចូលលេងក្នុងការប្រកួត European Super League នឹងជាប់បម្រាមដូចគ្នា។ យើងសូមអរគុណចំពោះក្លិបដែលមិនចូលរួម ដូចជានៅបារាំង និងអាល្លឺម៉ង់។”
European Super League គឺជាការប្រកួតដែលប្រមូលផ្ដុំដោយក្លិបខ្លាំងៗនៅអឺរ៉ុប តែមិនត្រូវបានទទួលដោយស្គាល់ UEFA ទេ។ Man UTD, Man City និង Liverpool ត្រូវបានគេដឹងថា បានយល់ព្រមចូលរួម។ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំ គឺមានលោក Florentino Perez ដែលជាប្រធានក្លិប Real Madrid នឹងទទួលបន្ទុកជាប្រធាន ខណៈអនុប្រធានក្លិប Manchester United លោក Joel Glazer គឺជាអនុប្រធាន។
យោងតាម the Guardian ការប្រកួតត្រូវបានគេរំពឹងថា នឹងស្រូបទាញបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់។ យ៉ាងណា UEFA ទទូចថា European Super League នឹងធ្វើឲ្យខូចខាតដល់ការប្រកួតកម្រិតខ្ពស់របស់ខ្លួន ហើយសូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏មិនគាំទ្រដូចគ្នា។
សរុបក្លិបដែលចូលរួម និងជាសមាជិកស្ថាបនិក European Super League មានចំនួន១២ មាន Real Madrid CF, FC Barcelona, Atlético Madrid, Manchester United F.C., Manchester City F.C., Chelsea F.C., Arsenal F.C., Tottenham Hotspur F.C., Liverpool F.C., Juventus F.C., Inter Milan និង A.C. Milan៕