ព័រទុយហ្គាល់របស់ CR7 ឈ្នះក្រុមលេខ១០៨លើលោកដោយសារបាល់ចូលទីខ្លួនឯង
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានចាប់ផ្ដើមយុទ្ធនាការជម្រុះ FIFA World Cup 2022 ក្នុងតំបន់អឺរ៉ុប ជាមួយជ័យជម្នះ១ទល់នឹង០លើអាហ្ស៊ែបៃហ្សង់នៅថ្ងៃពុធ ទី២៤ ខែមីនា។
តាមពិតទៅមួយគ្រាប់ដែលយកបាន៣ពិន្ទុពេញសម្រាប់ក្រុមជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ កើតឡើងដោយសារការទះបាល់ពីអ្នកចាំទី Shahrudin Mahammadaliyev ទៅប៉ះខ្សែការពារ Maksim Medvedev ក្នុងនាទី៣៧។
Cristiano Ronaldo ពុំបានរកគ្រាប់បាល់បានឡើយ។ មានឱកាសមួយនោះគេបានតែតដែរ តែបែរជាផុតបង្គោលទី។ ការទាត់ហ្វ្រីឃីករបស់គេក៏ត្រូវបានអ្នកចាំទី Mahammadaliyev សង្គ្រោះថែមទៀត។
ឱកាសពី Bruno Fernandes និង Joao Felix ក៏មិនអាចទម្លុះសំណាញ់អ្នកចាំទី Mahammadaliyev។
ដូច្នេះ ព័រទុយហ្គាល់ឈរលេខ២ ក្នុងពូល A មាន៣ពិន្ទុស្មើស៊ែបដែលឈរលេខមួយ បន្ទាប់ពីឈ្នះសាធារណរដ្ឋអៀរឡង់ ៣ទល់នឹង២៕