Leeds United ប្រជែងជាមួយ Barcelona និង Juventuus យកខ្សែប្រយុទ្ធ Sergio Aguero
Leeds United ត្រូវបានគេរាយការណ៍មកបាន បានចូលខ្លួនមកប្រជែងជាមួយ FC Barcelona និង Juventus ដើម្បីយកខ្សែប្រយុទ្ធ Sergio Aguero ដែលផុតកុងត្រាជាមួយ Manchester City នារដូវកាលនេះ។
ប្រភពដែលបង្ហើបដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានបន្ថែមទៀតថា មូលហេតុដែលក្រុមចំណូលថ្មីនៅក្របខ័ណ្ឌ Premier League នារដូវកាលនេះចង់បានអតីតសមាជិក Atletico Madrid ដោយសារតែគ្រូបង្វឹក Marcelo Bielsa ជាជនជាតិអាហ្សង់ទីនដូចគ្នា ដូចនេះហើយទើបងាយស្រួលក្នុងការធ្វើការជាមួយគ្នាផងដែរ។
យ៉ាងណាក្តី Leeds ត្រូវធ្វើការប្រជែងគ្នាជាមួយ FC Barcelona និង Juventus ផងដែរក្នុងការដណ្តើមយកកីឡាករវ័យ៣២ឆ្នាំរូបនេះ ខណៈ PSG និង Chelsea ក៏ត្រូវគេបានផ្សារភ្ជាប់ក្នុងការផ្ទេរនេះផងដែរ។
គួរឱ្យដឹងថា Sergio Aguero បានបញ្ចប់ចំណង១០ឆ្នាំជាមួយ Manchester City ក្រោយពីមិនអាចឈានដល់ការបន្តកុងត្រាថ្មី ខណៈបានបន្សល់នូវស្នាដៃជាច្រើនក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់របស់ក្លឹបផងដែរ។