
ក្រោយចាញ់ Burnley ភ្លាម គ្រូ Wolves បាញ់អាជ្ញាកណ្ដាលយ៉ាងចាស់ដៃ
អ្នកចាត់ការ Wolverhampton លោក Nuno Espirito Santo និយាយថា អាជ្ញាកណ្ដាល Lee Mason មិនល្អគ្រប់គ្រាន់ឡើយ ពេលដឹកនាំការប្រកួតដែលក្រុមលោកចាញ់ Burnley ២ទល់នឹង១ ជំនួប Premier League នៅថ្ងៃចន្ទ ទី២១ ខែធ្នូ។
Ashley Barnes និង Chris Wood ជាអ្នករកគ្រាប់បាល់សម្រាប់ Burnley មុន Fabio Silva វាយបកបានមួយគ្រាប់វិញដោយបាល់១១ម៉ែត្រនៅនាទី៨៩។
នេះជាលើកទីពីរហើយដែលលោក Mason ធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតរបស់ Wolves រដូវកាល២០២០/២០២១ ហើយលោក Nuno រិះគន់ថា វត្តមានមន្ត្រីរូបនេះធ្វើឲ្យស្ថានភាពប្រកួតចុះខ្សោយ។
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ថ្លែងបែបនេះ “៖វាជាការងារគាត់ គាត់ត្រូវតែពង្រឹងវាឲ្យល្អ។ ការប្រកួតវាធម្មតាទេ តែងតែប៉ះគ្នាអ៊ីចឹងហើយ ហើយអាជ្ញាកណ្ដាលត្រូវតែមានភាពយុត្តិធម៌ ប៉ុន្តែគាត់វិញ គឺអន់មែនទែន។ វាធ្វើឲ្យប៉ះពាល់ដល់ការប្រកួត និងការផ្ដោតអារម្មណ៍របស់ក្រុមទាំងពីរ ព្រោះពួកគេរវល់តែតវា។”
យ៉ាងណា លោក Nuno មិនបានបញ្ជាក់ថា អន់ចិត្តលើហេតុការណ៍អ្វីទេ ប៉ុន្តែលោកនៅតែសង្កត់ធ្ងន់ថា លោក Mason ពុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំកម្រិត Premier League។
១៤ប្រកួតនៅ Premier League កន្លងមក Wolves បន្តស្ថិតនៅលេខ១១ មាន២០ពិន្ទុ និង Burnley ឡើងលេខ១៦មាន១៣ពិន្ទុពីការប្រកួត១៣លើក៕