Jose Mourinho៖ ប្រព័ន្ធ VAR កំពុងសម្លាប់បាល់ទាត់និងក្របខ័ណ្ឌបាល់ទាត់ល្អជាងគេលើលោកហើយ
គ្រូបង្វឹកមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បាននិយាយថាប្រព័ន្ធ VAR (Video Assistant Referee) កំពុងសម្លាប់ពិភពបាល់ទាត់ហើយនឹងក្របខ័ណ្ឌបាល់ទាត់ល្អជាងគេលើលោកហើយនៅពេលនេះ។
ការនិយាយបែបនេះរបស់អតីតគ្រូបង្វឹក Porto, Chelsea, Real Madrid និង Manchester Uninited គឺនៅក្រោយពេលដែលអាជ្ញាកណ្តាលនៅលើទីលានហាក់ដូចជាមិនសូវជាហ៊ានសម្រេចចិត្តកាត់ក្តីដូចមុននៅលើទីលាន ដោយពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យាច្រើនពេកក្នុងការសម្រេចចិត្តកាត់សេចក្តី។
បុរសរហស្សនាម The Special One បាននិយាយថា៖ “ខ្ញុំគិតថា VAR គួរតែប្តូរឈ្មោះទៅជា VR វិញ (Video Referees) ព្រោះគេគឺជាអាជ្ញាកណ្តាល។ វាពិតជាចម្លែកណាស់ដែលអ្នកឃើញអាជ្ញាកណ្តាលនៅលើទីលានប៉ុន្តែពួកគេមិនជាអាជ្ញាកណ្តាលឡើយ ពួកគេគឺជាជំនួយការតែប៉ុណ្ណោះ។ អ្នកដ៏ទៃទៀតទើបជាអ្នកសម្រេចចិត្តធំក្នុងការកាត់សេចក្តីក្នុងការប្រកួត។”
គួរឲ្យដឹងថា ប្រព័ន្ធ VAR (Video Assistant Referee) កំពុងតែស្ថិតក្រោមការរិះគន់យ៉ាងច្រើនពីសំណាក់របស់គ្រូបង្វឹកនិងកីឡាករបាល់ទាត់ជាច្រើននៅក្របខ័ណ្ឌ Premier League ក្រោយពីប្រើបច្ចេកទេសកាត់សេចក្តីនៅលើទីលានខ្លាំងពេកលើគ្រាប់បាល់ Offside និងការកាត់សេចក្តីមួយចំនួនផងដែរ។