Pacquiao ធ្វើចត្តាឡីស័កនៅក្នុងវិមានតម្លៃ៧លានដុល្លារក្រោយពីបានចូលរួមកម្មវិធីជប់លៀង
(BC-99)
វិមានដ៏ស្កឹមស្កៃតម្លៃខ្ទង់៧លានដុល្លារអាមេរិចត្រូវបានវីរៈបុរសប្រដាល់ហ្វីលីពីន Manny Pacquiao សម្រេចចិត្តជ្រើសរើសយកធ្វើជាកន្លែងចត្តាឡីស័ក។
វាបានកើតឡើងនៅក្រោយពេលដែលសមាជិកមួយរូបរបស់ព្រិទ្ធសភាហ្វ៊ីលីពីនគឺលោក Koko Pimentel បានប្រារព្វធ្វើពិធីជប់លៀងនៅគេហដ្ឋានរបស់ខ្លួនដោយបានអញ្ជើញសុទ្ធតែឥស្សជនជាន់ខ្ពស់រួមទាំងតារាសម្តែងព្រមទាំងអ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao ផងដែរ។
មិនយូរប៉ុន្មានម្ចាស់កម្មវិធីរាំរែកសប្បាយរូបនោះត្រូវបានពិនិត្យឃើញថាមានមេរោគដែលបង្ករដោយវីរុសកូវីត១៩។ ដូច្នេះហើយទើបអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានគេហៅយកមកត្រួតពិនិត្យនិងឱ្យធ្វើចត្តាឡីស័កដាច់ដោយឡែកតាមលំនៅដ្ឋានរាងៗខ្លួន។ ដោយឡែកអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ប្រភេទទម្ងន់ផ្សេងគ្នា Pacquiao បានសម្រេចចិត្តរើសយកវិមានមួយក្នុងចំណោមវិមានដ៏មានតម្លៃរបស់ខ្លួនយកមកធ្វើជាកន្លែងចត្តាឡីស័កជាមួយក្រុមគ្រួសារ។
អ្នកប្រដាល់និងជាសមាជិកព្រិទ្ធសភារបស់ហ្វីលីពីនរូបនេះក៏ត្រូវបានផ្គូរផ្គងឱ្យមានការប្រកួតឡើងវិញជាមួយកីឡាករ Eroll Spence Jr និង Danny Garcia នៅពេលខាងមុខនេះដែរ តែនៅពេលនេះ Pacman មិនទាន់គិតរឿងនេះនៅឡើយទេដោយទុកពេលវេលានៅដាច់ដោយឡែកជាបន្តទៀតសិន។