Solskjaer និយាយថា Man Utd កំពុងប្រឈមនឹងបញ្ហានៅប៉ុន្មានសប្តាហ៍នេះ
(BC-99)
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហមបានសម្តែងនូវក្តីបារម្ភចំពោះក្រុមរបស់លោកដែលត្រូវប្រឈមនឹងការប្រកួតដ៏លំបាកៗជាមួយក្រុមខ្លាំងៗនៅប៉ុន្មានប្រកួតជាប់ៗគ្នានេះ។
បិសាចក្រហម Manchester United នឹងត្រូវប៉ះគ្នាជាមួយតោខៀវ Chelsea នៅថ្ងៃអាទិត្រនេះមុនពេលដែលពួកគេត្រូវទៅប្រកួតជាមួយ Manchester City នៅសប្តាហ៍បន្ទាប់រួចក៏ត្រូវជួប Leicester City ក្នុងពានរង្វាន់ FA Cup ទៀតនាដើមខែមីនានេះនៅមិនទាន់បូកបញ្ចូលការប្រកួតជាមួយក្រុមដទៃទៀតដែលធ្លាប់ប្រកួតឈ្នះ Man Utd ដែលមានដូចជា Crystal Palace និងការប្រកួតក្នុងពានរង្វាន់ UEL ផងនោះទេ។
លោក Solskjaer កំពុងតែធ្វើការទាមទារដល់សមាជិកក្រុមរបស់ខ្លួនឱ្យគិតពីការប្រកួតជាធំដើម្បីធានាឱ្យបាននូវថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Premier League ដែលពួកគេកំពុងតែកាន់កាប់នាពេលបច្ចុប្បន្ន។ លោកបាននិយាយបន្ទាប់ពីក្រុមរបស់បានឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយនៃ Europa League ថា៖“បើគិតពីឥឡូវនេះរហូតដល់ការសម្រាកអន្តរជាតិយើងមាន ៧ ឬ ៨ ប្រកួតដែលក្នុងនោះយើងត្រូវប្រឈមជាមួយក្រុមខ្លាំងៗដូចជា Chelsea Leicester និង City និងការប្រកួតធំ ៗឯទៀត។ កីឡាកររបស់ក្រុមយើងនឹងរែកបន្ទុកដ៏ធំមួយនេះ វានឹងមិនមែនជារឿងរីករាយពេកទេ តែវាក្តីបារម្ភ។ តែយើងសង្ឃឹមថាយើងនៅតែអាចឈរដោយរឹងមាំនៅចំពោះមុខបញ្ហាប្រឈមទាំងនេះ”។
ថ្វីត្បិតតែជ័យជម្នះគឺជារឿងដ៏សំខាន់សម្រាប់ក្រុមមួយនេះ តែការការពាមិនឱ្យកីឡាករប្រឈមមុខនឹងរបួសក៏ជារឿងដ៏សំខាន់មួយដែរដែលអ្នកចាត់ការទូទៅសញ្ជាតិ ណ័រវេយ៍ រូបនេះត្រូវតែគិតគូរឱ្យបានដិតដល់។