Pep “៖ពេលខ្ញុំនិយាយថា Gundogan លេងប្រយុទ្ធបាន បែរជាមានអ្នកសើច”
Ilkay Gundogan រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៣ទល់នឹង០លើ Tottenham Hotspur ការប្រកួត Premier League ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ។
នេះជាគ្រាប់់បាល់ទី១១ហើយនៅ Premier League សម្រាប់ Gundogan ដែលត្រូវបានរុញពីតួនាទីបម្រើទៅប្រយុទ្ធជំនួស Sergio Aguero ដោយសារមានរបួស។
លោក Pep Guardiola អ្នកចាត់ការ Manchester City បង្ហើបថា លោកធ្លាប់និយាយច្រើនដងដែរថា Gundogan អាចលេងជាខ្សែប្រយុទ្ធបាន ប៉ុន្តែបែរជាមានអ្នកមិនជឿ ហើយសើចចំអកដាក់វិញ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញលើកឡើងបែបនេះ “៖ខ្ញុំធ្លាប់និយាយច្រើនដងហើយតើថា គាត់អាចលេងជាខ្សែប្រយុទ្ធបាន។ របៀបអ្នកលេខ៩អ៊ីចឹងទៅ។ គាត់ច្បាស់ប៊ុត។ ដូចថ្ងៃហ្នឹងអ៊ីចឹង គាត់អាចរកបានដល់ទៅ២គ្រាប់។ កាលពីមុនគាត់លេងជាខ្សែបម្រើ អត់សូវបានទាត់ចូលទេ ឥឡូវគាត់ឡើងប្រយុទ្ធ គាត់មានឱកាសច្រើន។ បើគាត់លេងបានល្អបែបហ្នឹងទៀត គាត់អាចនឹងឈ្នះពានកីឡាករល្អម្ដងទៀត។”
អ្វីគួរដឹងជុំវិញការទាត់បញ្ចូលទីរបស់ Gundogan ក្នុងឆ្នាំ២០២១នេះ ៖
១. ចាប់ពីចូលឆ្នាំ២០២១មក Gundogan ទាត់ចូលច្រើនជាងគេក្នុងចំណោមក្របខណ្ឌកំពូលអឺរ៉ុបទាំង៥ ដោយរកបាន៩គ្រាប់ពីការប្រកួត៩លើកនៅ Premier League។
២. ៤គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង១១នៅលីគកំពូលកើតឡើងក្នុង២ប្រកួតចុងក្រោយ។
៣. គេរកបាន៦គ្រាប់ក្នុងចំណោម៥ប្រកួតចុងក្រោយនៅ Premier League។
ដោយឡែកនេះជាការឈ្នះលើកទី១៦ជាប់ៗគ្នាហើយសម្រាប់ Manchester City នៅ Premier League ដែលជាកំណត់ត្រាពុំធ្លាប់មានក្លិបណាធ្វើបានឡើយ។
២១ប្រកួតកន្លងមក Man City មាន៥៣ពិន្ទុ៕