ក្លឹប Portimonense សម្រេចបញ្ចប់កុងត្រាជាមួយអ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda
កាលពីសប្តាហ៍មុន អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានសម្រេចចុះកុងត្រាជាមួយក្លឹប Portimonense ដែលជាក្លឹបថ្មីទី៩ក្នុងអាជីពរបស់ខ្លួនចំនួន៦ខែរហូតដល់ចប់រដូវកាលនេះ។
យ៉ាងណាក្តី បុរសជនជាតិជប៉ុនរូបនេះត្រូវបានក្លឹប Portimonense បញ្ចប់កុងត្រា បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។
យោងតាមច្បាប់នៅក្នុងក្របខ័ណ្ឌបាល់ទាត់របស់ព័រទុយហ្គាល់ ក្លឹបបាល់ទាត់អាចចុះឈ្មោះឱ្យកីឡាករចំណូលថ្មី ដែលជាកីឡាករដែលមិនមានតម្លៃខ្លួនបានលុះត្រាតែកីឡាករនោះមិនមានក្លឹបលេងចាប់តាំងពីខែតុលាមក ប៉ុន្តែ Keisuke Honda ត្រូវបាន Botafogo បញ្ចប់កុងត្រានៅខែធ្នូកាលពីឆ្នាំមុន ដែលនេះហេតុធ្វើឱ្យ Portimonense មិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួត។
គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo ដោយការបញ្ចប់កុងត្រាកាលពីចុងឆ្នាំមុន បន្ទាប់ពីមានការខ្វែងគំនិតគ្នា។