
Hun Sen Cup ៖ គ្រូ សៀមរាប សង្ឃឹមយ៉ាងមុតមាំ ខណៈខាងខេត្តកណ្តាលកំពុងព្រួយបារម្ភ
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម រវាងក្រុមខេត្តសៀមរាប ត្រូវទទួលស្វាគមន៍ក្រុមខេត្តកណ្តាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ លោក លី ធារ៉ា គ្រូបង្គោលនៃក្រុមនៅខាងប្រសាទអង្គរវត្ត មានសង្ឃឹមខ្ពស់ថាអាចយកឈ្នះលើភ្ញៀវខេត្តកណ្តាល ខណៈលោក ពុំ តុលា ដែលដឹកនាំខេត្តកណ្តាលទទួលស្គាល់ក្រុមរបស់ពិបាកសម្រាប់ប្រកួតនេះដោយកំពុងជួបការលំបាកខ្លាំង ព្រោះត្រូវប៉ះក្រុមខ្លាំងធ្លាប់រងជើងឯក ថ្នាក់ខេត្ត នាឆ្នាំ២០១៩។
គ្រូបង្វឹកខេត្តសៀមរាប បានអោយដឹងថា ៖ ខ្ញុំរំពឹងឈ្នះខេត្តកណ្ដាល ព្រោះបានតាមដានវីដេអូប្រកួតរបស់ពួកគាត់ពីមុន។ ណាមួយយើងធ្លាប់ជួបគ្នា ស្គាល់កីឡាករខ្លះៗ ហើយយើងក៏ធ្លាប់មានប្រវត្តិឈ្នះខេត្តកណ្ដាលដែរពីមុន អ៊ីចឹងយើងមានសង្ឃឹម។ សម្រាប់បច្ចេកទេសក្រុមយើងវិញមិនមានអ្វីប្រែប្រួលគួរកត់សម្គាល់ទេ តែបើកម្លាំងអាចធ្លាក់ចុះបន្តិច ដោយសារអំឡុងកូវីដ១៩ហ្នឹង កីឡាករអាក់ខានហ្វឹកហាត់ជុំគ្នាយូរដែរហើយ។”
ចំណែក អតីតកីឡាករទ័ពដែលកំពុងដឹកនាំខេត្តកណ្តាល៖ សម្រាប់ក្រុមខ្ញុំបានជួបជុំគ្នាជិតពីរ សប្ដាហ៍ហើយដើម្បីត្រៀមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ ក្រោយវិលមកហាត់ជុំគ្នាវិញនេះ ខ្ញុំមើលឃើញថា មានការប្រែប្រួលច្រើន ទាំងកាយសម្បទា ទាំងកម្លាំង និងបច្ចេកទេសរបស់ពួកគាត់មើលទៅធ្លាក់ជាងមុន។ ខ្ញុំទទួលស្គាល់យើហជួបការលំបាកខ្លាំង ព្រោះគូប្រកួតជាក្រុមរងជើងឯក ថ្នាក់ខេត្ត២០១៩ហើយ មានការរៀបចំនិងការហ្វឹកហាត់បានយ៉ាងល្អ។
គួរបញ្ជាក់ផងដែរថា ជំនួបរវាងក្រុមទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា លើទឹកដីកីឡដា្ឋនខេត្តសៀមរាប នាវេលាម៉ោង ៣ៈ៣០នាទីរសៀល សម្រាប់ជើងទីមួយនេះ មុនវិលទៅខេត្តកណ្ដាល ជើងទីពីរ ថ្ងៃអង្គារ ទី០៧ ខែកក្កដា ៕