
ស្ងាត់ៗ កុក បូរីស រកបាន៤គ្រាប់ហើយនៅម៉ាឡេស៊ី
ខ្សែការពារ កុក បូរីស រកបានមួយគ្រាប់ទៀតហើយសម្រាប់ Sarawak United របស់គេក្នុងការប្រកួតក្របខណ្ឌកំពូលម៉ាឡេស៊ី ឬ Malaysian Super League។
គ្រាប់បាល់ទី៣នៅលីគកំពូលនេះកើតឡើងក្នុងសំណាញ់ Negeri Sembilan នាទី៥១ដែលជាគ្រាប់នាំមុខ។ តែយ៉ាងណា ក្រុមរបស់គេបានចាញ់ការប្រកួត ដោយលទ្ធផល១ទល់នឹង២។ បូរីស បានសរសេរលើ Facebook មិនសប្បាយចិត្ត ព្រោះមិនសូវមានយុត្តិធម៌ ទំនងមានបញ្ហាអ្វីមួយ។
គិតមកទល់ពេលនេះ បូរីស ដែល Sarawak ខ្ចីពីភ្នំពេញក្រោន ១រដូវកាល រកបាន៤គ្រាប់ហើយ ដោយ៣គ្រាប់នៅលីគកំពូល និង១គ្រាប់ទៀតក្នុងការប្រកួត Cup។
ដូច្នេះបូរីស ជាកីឡាករខ្មែររកបានច្រើនគ្រាប់ជាងគេហើយនៅម៉ាឡេស៊ី ខណៈធារី ដែលធ្លាប់លេងនៅ Terengganu និង Perak រកបាន២គ្រាប់, ចាន់ វឌ្ឍនាកា ដែលធ្លាប់លេងនៅ Pahang និង PKNS រកបាន៣គ្រាប់, កែវ សុខផេង ធ្លាប់លេងនៅ PKNP រកបាន១គ្រាប់។ ដោយឡែក ប្រាក់ មុន្នីឧត្តម មិនមានគ្រាប់បាល់ទេ៕