Sir Alex Ferguson កំពុងស្វែងរកការគាំទ្រដើម្បីនាំយក Mauricio Pochettino ទៅកាន់ Old Trafford
(BC-99)
ក្រុម Manchester United ជឿជាក់ថាពួកគេអាចល្បួង Mauricio Pochettino ឱ្យបោះបង់ក្រុម PSG រួចត្រឡប់មកកាន់ Premier League ជាថ្មីក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅរដូវក្តៅក្រោយនេះ នេះបើយោងតាមប្រភព talkSPORT ។
លោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមបន្ទាប់ពីចាញ់ Watford 4-1 ដែលធ្វើឱ្យវីរបុរសនិងជាអតីតកីឡាករក្លិប Man Utd សញ្ជាតិ ន័រវេស រូបនេះត្រូវរបូតតំណែងដែលធ្លាប់បានដឹកនាំអស់រយៈពេលជិត 3 ឆ្នាំដោយគ្មានឈ្នះពានរង្វាន់អ្វីសោះនោះ។ ជំនួយការលោកគឺ Michael Carrick ត្រូវបានដាក់ឱ្យមើលការខុសត្រូវក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមរហូតដល់ចប់រដូវកាលនេះ ។
សម្រាប់ឋានានុក្រមនៅ Old Trafford ដែលកំពុងតែទំនេរត្រូវបានគេយកទៅផ្សារភ្ជាប់ជាមួយគ្រូបង្វឹកជំនាញៗលំដាប់ពិភពលោកដែលក្នុងនោះក៏មានទាំងអតីតអ្នកចាត់ការទូទៅ Real Madrid Zinedine Zidane រួមទាំងគ្រូបង្វឹកជម្រើសជាតិ អេស្ប៉ាញ នាពេលបច្ចុប្បន្ន Luis Enrique ផងដែរ។
តែបើយោលទៅលើសារព័ត៌មានល្បីឈ្មោះរបស់ចក្រភព អង់គ្លេស ខាងលើបានឱ្យដឹងថាអតីតអ្នកចាត់ការទូទៅដ៏មានឥទ្ធីពលរបស់បិសាចក្រហម Sir Alex Ferguson កំពុងតែដឹកនាំរកការគាំទ្រដើម្បីនាំយកលោក Pochettino មកកាន់កាប់តំណែងកំពុងនៅទំនេរមួយនេះខណៈដែលលោកជាមួយបុរសសញ្ជាតិ អាហ្សង់ទីន ម្នាក់នេះបានពិភក្សាគ្នាបានមួយជំហានមុនហើយ។
សូមរំលឹកដែរថាលោក Mauricio Pochettino បានចាកចេញពី Spurs ក្នុងខែវិច្ឆិកា ឆ្នាំ 2019 ត្រឹមតែប៉ុន្មានខែក្រោយការប្រកួតចាញ់ Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League និងបានទៅដឹកនាំក្លិប Paris Saint Germain កាលពីដើមឆ្នាំកន្លងមកនេះ។