មួយរយៈនេះកីឡាករបាល់ទាត់មានបញ្ហាបេះដូងជាបន្តបន្ទាប់
Pierre-Emerick Aubameyang មានបញ្ហាបេះដូងក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក នាពេលថ្មីៗ។
ទន្ទឹមនឹងនេះដែរ គណៈកម្មការសុខាភិបាលនៃសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិកប្រកាសថា កីឡាករជម្រើសជាតិហ្គាបុង៣រូប គឺ Aubameyang, Axlel Meye និង Mario Lemina សុទ្ធតែបានជួបប្រទះបញ្ហាបេះដូង ដូច្នេះមិនអាចប្រកួតជើងឯកអាហ្វ្រិកបានទេ។ ពួកគេក៏ធ្លាប់មានបញ្ហាកូវីដ១៩ដែរ។
ប៉ុន្មានថ្ងៃនេះ កីឡាករកាណាដា Alphonso Davies ត្រូវបានប្រកាសថា មានបញ្ហាបេះដូង និងមិនអាចចូលរួមប្រកួតជម្រុះ FIFA World Cup 2022 ចុងខែនេះ។ កីឡាករ Bayern Munich ក៏តេស្ដឃើញកូវីដ១៩ កាលសប្ដាហ៍មុន។ វេជ្ជបណ្ឌិត Bayern Munich រកឃើញថា បេះដូងរបស់គេមានភាពមិនប្រក្រតី។
ក្នុងការវាយតម្លៃបឋម Davies ស្ថិតក្នុងដំណាក់កាលអាចសង្គ្រោះបាន តែក៏ត្រូវតាមដានស្ថានភាពដើម្បីចៀសពីគ្រោះថ្នាក់។ គេមិនទាន់ច្បាស់ថា បញ្ហាបេះដូងនេះកើតឡើងដោយសារកូវីដ១៩ឬយ៉ាងណាទេ។
កាលខែមុន ខ្សែការពារ Victor Lindelof របស់ Man UTD មានបញ្ហាផ្លូវដង្ហើមអំឡុងការប្រកួតតទល់ Norwich ក្នុងវគ្គទី២ ហើយត្រូវផ្អាកប្រកួត។ ក្រោយមក គេមិនចាំអ្វីទាំងអស់ពីរឿងរ៉ាវហ្នឹង។ ប្រភពខ្លះថា បញ្ហាហ្នឹងកើតឡើងដោយសារគេបានឆ្លងកូវីដ១៩។ ប៉ុន្តែពុំមានការបញ្ជាក់ផ្លូវការពី Manchester United ទេ។
ចំណែក Sergio Agureo វិញក៏ត្រូវបង្ខំចិត្តចូលនិវត្តន៍ ក្រោយលេងបានត្រឹម៥ប្រកួតឲ្យ Barcelona។ គេមានបញ្ហាផ្លូវដង្ហើមក្នុងការប្រកួតមួយកាលខែវិច្ឆិកា។ ក្រោយសម្រាកព្យាបាលមួយរយៈមក អតីតកីឡាករ Man City ក៏ប្រកាសចូលនិវត្តន៍ទាំងស្ដាយនាពេលថ្មីៗនេះ៕