អ្នកចាំទី ទូត សរ៉ូត នៅតែបានកាដូពីឪពុកម្ដាយទោះប្រលងបាក់ឌុបមិនជាប់
អ្នកចាំទី ទូត សរ៉ូត របស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានសរសេរលើគណនី Facebook របស់ខ្លួនថា មិនបានប្រលងជាប់សញ្ញាបត្រទុតិយភូមិដែលត្រូវបានប្រកាសលទ្ធផលនៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នេះឡើយ។
ទោះមិនទទួលបានជោគជ័យ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីនៅតែទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយ ដោយលោកទាំង២បានទិញម៉ូតូទំនើបមួយគ្រឿងដល់រូបគេថែមទៀត។
យុវជនវ័យ១៩ឆ្នាំសរសេរបែបនេះ “៖Thank you mom & dad ទោះធ្លាក់ក៏នូវតែលើកទឹកចិត្ត“។
ទាក់ទងទៅនឹងការចាប់អាជីពបាល់ទាត់វិញ ទូត សរ៉ូត បានជាប់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៦ឆ្នាំ ក្នុងឆ្នាំ២០១៧ ដែលកាលណោះទទួល បានឱកាសនេះតាមរយៈការធ្វើតេស្ដ។ ដល់ឆ្នាំ២០១៨ គេបានជាប់ឈ្មោះចូលមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដល់ដាច់ឆ្នាំ២០២០។ ការចូលជាមួយអគ្គិសនីកម្ពុជាត្រូវបានសរ៉ូត បញ្ជាក់ថា ដោយសារមើលឃើញពីឱកាសប្រកួតប្រជែង ខណៈក្រុមនេះក៏មានយុវជនច្រើន៕