Man Utd ត្រៀមបន្តកុងត្រាថ្មីជាមួយ Fernandes
(BC-99)
ក្រុមបិសាចក្រហម Manchester United ពិតជាមិនអល់អែកឡើយហើយក៏បានត្រៀមខ្លួនរួចជាស្រេចដែរក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងក្លិបជាមួយកីឡាករខ្សែបម្រើ Bruno Fernandes ។
United បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានធ្វើឱ្យពេញលេញនូវការចុះហត្ថលេខាទិញយកខ្សែបម្រើស្លាប Borussia Dortmund Jadon Sancho ក្នុងតម្លៃ ៧៣ លានផោនដើម្បីបិទបញ្ចប់រឿងភាគដ៏វែងអន្លាយមួយនេះ។
ជំហានបន្ទាប់ដែលបិសាចក្រហម Manchester United ត្រូវធ្វើជាបន្តនោះគឺជាការរក្សាទុកឱ្យបានរយៈពេលវែងនូវកីឡាករដ៏មានសមត្ថភាពកម្ររីងស្ងួត Bruno Fernandes បន្ទាប់ពីភាគីក្លិបនិងសមីជនបានបើកកិច្ចពិភាក្សាបន្តកិច្ចសន្យាដំណាក់កាលដំបូងកាលពីខែឧសភាមុននេះ។
តាមពិតទៅ Fernandes នៅមានកិច្ចសន្យាដែលមានសុពលភាពរយៈពេលបួនឆ្នាំទៀតនៅទឹកនដី Old Trafford តែដើម្បីចងបន្ថែមលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នដែលបើកចន្លោះពិសេសដែលអាចឱ្យកីឡាករព័រទុយហ្គាល់រូបនេះចាកចេញមុនកាលកំនត់បាននោះទើបក្រុមបិសាចក្រហមរិះរកមធ្យោបាយចាក់សោរ Bruno Fernandes ឱ្យជាប់ជាងមុនតាមរយៈការបន្ថែមទឹកប្រាក់ថ្លៃឈ្នួលនិងអូសបន្លាយពេលវេលាឱ្យកាន់តែវែងតាមតែអាចធ្វើទៅបាន។