ក្លិប ណាហ្គាវើល នាំចូលកីឡាករធ្លាប់លេងលីគអេស្ប៉ាញ និងអតីតជម្រើសជាតិ U-19 ជប៉ុន
កាលពីម្សិលមិញក្លិបបាល់ទាត់ណាហ្គាវើល បានប្រកាសនាំយកកីឡាករបរទេសចំនួនពីររូបមកចូលរួមជាមួយក្រុម ដោយក្នុងនោះមានកីឡាករអេស្ប៉ាញ Manuel Herrera López និងខ្សែបម្រើសញ្ជាតិជប៉ុន Fumiya Kogure សម្រាប់ត្រៀមរដូវកាលថ្មី ២០២១ នៃលីគកំពូល បាល់ទាត់កម្ពុជាដែលត្រៀមចាប់ផ្តើមក្នុងអំឡុងខែ មិនា ២០២១ ខាងមុខនេះ ។
ខ្សែការពារ Manuel Herrera López ធ្លាប់មានបទពិសោធច្រើនលេងនៅប្រទេសអេស្ប៉ាញ ដូចជាក្លិប Real Batis B នាឆ្នាំ ២០១១ ដល់ ២០១៣ និងក្លិប Caudal ជាដើម ។ សម្រាប់តំបន់អាស៊ីកីឡាករវ័យ ២៩ ឆ្នាំរូបនេះធ្លាប់លេងនៅក្លិប Ceres–Negros នៅលីគកំពូល ហ្វីលីពីន ដែលបច្ចុប្បន្នផ្លាស់ប្តូរឈ្មោះក្លិបមក United City F.C. វិញ ។
ចំណែកខ្សែបម្រើជប៉ុន Fumiya Kogure មានបទពិសោធលេងក្លិបធំៗនៅប្រទេសជប៉ុន ហើយឆ្នាំ ២០១៩ រូបគេបានផ្លាស់មកទឹកដីកម្ពុជាដោយលេងអោយក្លិប សូលទីឡូអង្គរ បានចំនួន ៣៦ ប្រកួត រកបាន ១០គ្រាប់ ។ កីឡាករកើតនៅទីក្រុង តូក្យូ រូបនេះ ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំជប៉ុន លេងក្នុងពានរង្វាន់ 2008 AFC U-19 Championship ផងដែរ ។
កីឡាករទាំងពីរនេះជាកីឡាករបរទេសដែលគ្រូបង្វឹក មាស ចាន់ណា បានប្រកាសនាំចូលជាផ្លូវការក្នុងរដូវកាលនេះ ស្របពេលកីឡាករក្នុង ស្រុកបាននាំចូលច្រើនរួចមកហើយមានដូចជា នេន សុធារ័ត្ន , នុប តុលា និង សំអឿន ពិដោរ មកពី ព្រះខ័នរាជស្វាយរៀង និង មកពីក្លិប អង្គរថាយហ្គឺរ មាន ២ រូបគឺ ពេជ្រ សុវណ្ណខេមរិន្ទ និង តាំង សុភ័ក្រ ៕