ក្លិបបាល់ទាត់វិសាខា បង្ហាញគម្រោងថ្មីទៀតហើយ !
ក្លិបបាល់ទាត់ វិសាខា កំពុងប្រែក្លាយជាក្លិបមួយដែលល្អដាច់គេក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការកែប្រែនៅចំណុចមួយចំនួន និងបន្ថែមអ្វីថ្មីៗ ក្នុងក្លិប ដោយបានអភិវឌ្ឍន៍យ៉ាងលឿនក្នុងមួយរយៈចុងក្រោយ ជាពិសេសបការសាងសង់រចនាសម្ព័នក្នុងក្លិបជាបន្តបន្ទាប់ និងកម្មវិធីថ្មីៗ ហើយពេលនេះបានបង្ហាញគម្រោងថ្មីមួយទៀតបន្ថែម ដែលត្រៀមសាងសង់ក្នុងពេលឆាប់ៗនេះ ។
បន្ទាប់ពីបានបង្កើតកម្មវិធី ទូរស័ព្ទដៃ (App) ផ្លូវការដែលមានឈ្មោះថា “Visakha FC” សម្រាប់អ្នកគាំទ្រប្រើប្រាស់ដោយឥតគិតថ្លៃ ទាំងលើប្រព័ន្ធប្រតិបត្តិការ Android និង IOS ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីក្លិបរួចមក នៅថ្ងៃនេះក្លិបម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បានបង្ហាញគម្រោងថ្មីមួយទៀតគឺជាទីតាំង សម្រាប់ហ្វឹកហាត់បន្ថែម ដែលមានលក្ខណៈអាជីព អមដោយការរចនាគួរអោយចាប់អារម្មណ៍ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ក្លិបបាល់ទាត់ វិសាខា បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ ដែលមានលោកស្រី កែ សួនសុភី ជាម្ចាស់ក្លិប និងលោក ហុក សុចិត្រា ជាអ្នកគ្រប់គ្រង ។ ក្នុងឆ្នាំ ២០១៧ បានចូលរួមក្នុងពានរង្វាន់លីគលំដាប់ទី២ ហើយបានឡើងមកកាន់លីគកំពូលកម្ពុជានៅឆ្នាំ ២០១៨ នឹងបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ក្នុងឆ្នាំ ២០២០ នេះ ។ ក្លិបបាល់ទាត់ វិសាខា មានទីតាំងស្ថិតនៅ ហ្គ្រេនភ្នំពេញ ក្នុងរាជធានីភ្នំពេញ ដែលមានកីឡដ្ឋានឈ្មោះ Prince ដែលមានមានកៅអីសម្រាប់អ្នកទស្សនាចំនួន ៧០០០ នាក់ នឹងទើបទទួលអាជ្ញាប័ណ្ណក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) សម្រាប់ឆ្នាំ២០២១ ជាផ្លូវការផងដែរ ៕