Pep ថា បើ Arsenal ដេញ Arteta ពិតជាខុសធ្ងន់
លោក Pep Guardiola អ្នកចាត់ការ Manchester City យល់ឃើញថា Arsenal នឹងមានកំហុសធ្ងន់ ប្រសិនបើសម្រេចចិត្តដកលោក Mikel Arteta ពីតំណែង។
គ្រូបង្វឹកជនជាតិអេស្ប៉ាញថ្លែងបែបនេះក្រោយក្រុមមេឃខៀវស៊ីកាំភ្លើងធំ១ទល់នឹង៤ក្នុងការប្រកួតពានរង្វាន់ League Cup វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអង្គារ ទី២២ ខែធ្នូ។ នេះមានន័យថា Arsenal មិនឈ្នះសោះក្នុងការប្រកួត៨លើកចុងក្រោយទាំងនៅលីគ និងនៅខាប់។
គេចាំបានថា Arteta បានចាកចេញពី Man City ក្នុងនាមជាជំនួយការលោក Guardiola កាលពី១២ខែមុនដើម្បីកាន់តំណែងអ្នកចាត់ការនៅកីឡដ្ឋាន Emirates។
លោក Pep ថ្លែងបែបនេះ “៖ខ្ញុំច្បាស់ណាស់ថា ពួកគេនឹងនៅតែទុកចិត្តលើគាត់។ បើដេញមែន ប្រាកដជាខុសធំណាស់។ ខ្ញុំដឹងច្បាស់ពីគុណភាពរបស់គាត់ តែសំខាន់តើអាចផ្ដល់វេលាដល់គាត់បានប៉ុនណា។”
ចំណែកលោក Mikel Arteta ក៏បានថ្លែងក្រោយការប្រកួតដែរថា គ្មានបំណងលាឈប់ទេ ហើយមានអារម្មណ៍ថា លោកទទួលបានការគាំទ្រពីក្លិប។
រដូវកាលដំបូងនៅ Arsenal លោក Arteta ឈ្នះ FA Cup និងបន្តលើកពាន Community Shield នាដំណាច់ខែសីហា។ បើនិយាយពីការប្រកួតនៅ Europa League ពួកគេធ្វើបានល្អមែនទែន ដោយបានឡើងទៅវគ្គ៣២ក្រុមចុងក្រោយយ៉ាងស្រួល៕