
ក្រុមហ៊ុនលីគនឹងធ្វើឲ្យលីគទី២កម្ពុជាកាន់តែមានភាពទាក់ទាញ
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនបាល់ទាត់លីគកំពូលកម្ពុជា អះអាងថា នឹងធ្វើឲ្យការប្រកួតក្របខណ្ឌទី២ ឬ Cambodian League 2 កាន់តែមានភាពទាក់ទាញចាប់ពីរដូវកាលនេះតទៅ។
សម្រាប់រដូវកាល ២០២២នេះ នឹងមាន១២ក្រុមចូលរួមការប្រកួតលីគទី២ ដោយ៥ក្រុមត្រូវបានកាត់ពីលីគកំពូលមាន ព្រៃវែងអេហ្វស៊ី, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, អាស៊ីអឺរ៉ុបយូណាយធីត និងនគរបាលជាតិ។ ចំណែក៧ក្រុមទៀត លោក Sait0 បញ្ជាក់ថា ស្ថិតក្នុងដំណើរការដាក់ពាក្យ និងពិចារណានៅឡើយ ដូច្នេះមិនទាន់សម្រេចទេ។
អ្វីដែលកាន់តែពិសេសជាងរដូវកាលមុន នាយកប្រតិបត្តិជនជាតិជប៉ុនខាងលើថ្លែងថា ក្រុមនីមួយអាចចុះឈ្មោះកីឡាករបរទេសបាន៥នាក់ ហើយលេងលើទីលានតាមរូបមន្ត ៣+១ (ត្រូវមានម្នាក់ជាកូតាអាស៊ី)។ នេះជាការបន្ថែមថ្មីមួយទៀត បន្ទាប់ពីរដូវកាលមុនៗ លីគទី២លេងតែកីឡាករខ្មែរសុទ្ធ។
លោក Saito ទទូចឲ្យកីឡាករ និងក្រុមទាំងអស់ ជាពិសេសក្លិបត្រូវបានកាត់ចេញពីលីគកំពូល មិនត្រូវគិតថា ខ្លួនឯងមានកម្រិតទាបទេ។ ការចុះមកនេះ គឺជាពេលដែលត្រូវបំពេញចំណុចខ្វះខាត ឲ្យបានខ្លាំងក្លាជាងមុនដើម្បីវិលទៅលីគកំពូលវិញជាមួយនឹងភាពខ្លាំង។
គួរដឹងដែរថា ការប្រកួតបាល់ទាត់លីគទី២នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ តទៅ ពោលបើកឆាកក្នុងថ្ងៃតែមួយជាមួយលីគកំពូល ឬ Cambodian Premier League តែម្ដង៕