អូទ្រីសរកបានជ័យជម្នះលើកដំបូងចាប់តាំងពីចូលរួមប្រកួតដល់វគ្គចែកពូល Euro
គ្រាប់បាល់ពីកីឡាករបម្រុង Marko Arnautovic និង Michael Gregoritsch រួមចំណែករកបានជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ UEFA Euro សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសដោយពួកគេបានយកឈ្នះម៉ាសេដ្វានខាងជើង ដោយលទ្ធផល៣ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ប្រចាំពូល C។
ខ្សែការពាំរស្ដាំ Stefan Lainer ទាត់បញ្ចូលទីឲ្យអូទ្រីសនាំមុខ១ទល់នឹង០មុនក្នុងនាទី១៨ ដោយការទាត់ volley ពីការបញ្ជូនរបស់ Marcel Sabitzer។
១០នាទីក្រោយមក Goran Pandev ដែលធ្លាប់ឈ្នះ UEFA Champions League, Serie A និង Coppa Italia នៅ Inter Milan រជ្ជកាលលោក Jose Mourinho បានទាត់បញ្ចូលទីតាមស្មើវិញ។
អូទ្រីសបាននាំមុខសាជាថ្មីក្នុងនាទី៧៨ ដោយការទាត់បញ្ចូលទីពី Michael Gregoritsch ហើយ១២នាទីក្រោយមក ពោលនាទី៨៩ Marko Arnautovic ដែលធ្លាប់លេងនៅ West Ham United មុនផ្លាស់ទៅ Shanghai Port ឆ្នាំ២០១៩ បានទាត់បញ្ចូលទីគ្រាប់ទី៣បានសម្រេច។
នេះជាជ័យជម្នះលើកដំបូងហើយសម្រាប់ក្រុមជម្រើសជាតិអូទ្រីសដែលបានចូលរួមព្រឹត្តិការណ៍ UEFA EURO ជាលើកទី៣នៅឆ្នាំនេះ។ ពួកគេធ្លាប់ឆ្លងដល់វគ្គចែកពូល ឆ្នាំ២០០៨ (កាលណោះជាសហម្ចាស់ផ្ទះ) និងឆ្នាំ២០១៦៕