គ្រូដាណឺម៉ាក ថា Eriksen ចង់ចូលហាត់វិញឆាប់ៗ
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាកលោក Kasper Hjulmand និយាយថា Christian Eriksen ចង់វិលទៅហ្វឹកហាត់វិញហើយ។
លោកថ្លែងបែបនេះបន្ទាប់ពីលោក និងសមាជិកក្រុមឯទៀតបាន video call ទៅកាន់ Eriksen ដែលបានធូរស្បើយពីការដួលសន្លប់លើទីលានពាក់ព័ន្ធនឹងបញ្ហាបេះដូង។
“ក្រុមដាណឺម៉ាកទាំងមូលបាន video call ទៅកាន់ Eriksen ដោយគេបានញញឹមមកយើង។ គេសួរថា សុខសប្បាយអត់ ហើយគេថា គេគ្រាន់បើហើយ គ្រាន់បើជាងអ្នកទាំងអស់គ្នាទៀត។ គេចង់ចូលហាត់វិញឆាប់ៗហ្នឹង។ Eriksen ចង់ឲ្យពួកយើងបន្តប្រយុទ្ធទៀត។ យើងនឹងលេងដើម្បី Eriksen។ នេះជាការបញ្ជាក់របស់គ្រូបង្គោលជម្រើសជាតិដាណឺម៉ាក។
លោក Hjulmand និយាយថា លោកនឹងព្យាយាមសម្រួលអារម្មណ៍ និងទំនុកចិត្តក្នុងក្រុម ក្រោយហេតុការណ៍របស់ Eriksen ជាពិសេសមុនជំនួបជាមួយបែលហ្ស៊ីក។
សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាកបញ្ជាក់ថា បេះដូងរបស់ Eriksen បានវិលរកភាពប្រក្រតីវិញហើយ ដោយរួចផុតពីសេចក្ដីស្លាប់ ក្រោយការសង្គ្រោះបន្ទាន់៕